រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( គ.ល.ក) បើកកិច្ចប្រជុំពិភាក្សា ដើម្បីគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ
March 19, 2024 អ្នកទស្សនា :

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ ល្បែងខុសច្បាប់គ្រប់ប្រភេទ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( គ.ល.ក) រួមជាមួយ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់។ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ទៅលើស្ថានភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស លើការអនុវត្តនូវលក្ខណៈសម្បត្តិទាំង ៧ចំណុចនៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្នុងសូចនាករទី ២គឺ គ្មានបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ផ្អែកតាមកត្តាខាងលើនេះ និង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះល្បែងស៊ីសងគ្រប់ប្រភេទដែលមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល ១ខែកន្លងមកនេះ គិតចាប់តាំងពីថ្ងៃទី ១៤ ខែកុម្ភៈ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់វិធានការបិទទីតាំងល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយ បានរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និងគ្មានអាជ្ញាប័ណ្ណ ពីល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន ៨ក្រុមហ៊ុន ស្មើនឹង ៤៩៥ ទីតាំង ។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( គ.ល.ក) បានមានប្រសាសន៍ទៅកាន់សមាជិក សមាជិកា នៃអង្គប្រជុំថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីពិភាក្សាពិគ្រោះយោបល់លើការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងពីផលប៉ះពាល់ នៃល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនៃវិស័យល្បែងពាណិជ្ជកម្ម  ស្វែងយល់និងកំណត់ពីបញ្ហាប្រឈម ដែលបានកើតមាន នៅក្នុងមូលដ្ឋាន បង្កើនកិច្ចសហការ និងភាពប្រទាក់ក្រឡាគ្នា លើការងារដែលជាសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការបង្ក្រាប និងទប់ស្កាត់រាល់ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ