ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
March 25, 2024 អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ កំណាត់ផ្លូវខេត្តលេខ ១៥៧A ប្រវែង ៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីគ.ម ១៧+០០០ ដល់ គ.ម ២០+១០០ ដែលស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ 

បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវ១៥៧នេះ បានធ្លាប់ធ្វើការបើកការដ្ឋានសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ ម្ដងហើយ មានប្រវែង ៣,២០០ម៉ែត្រ ចាប់ពីគ.ម ១៣+000 ដល់ គ.ម ១៧+០០០ តែពេលនេះ បានបើកការដ្ឋានសាងសង់ផ្លូវ១៥៧A បន្តទៀតដែលមានប្រវែង៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានតួចិញ្ចើមផ្លូវចាក់ល្បាយថ្ម ០.៥ ម៉ែត្រ សងខាង មានស្ថាបនាលូមូលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ១ជួរ ចំនួន ៣កន្លែង លូមូលកាត់ទទឹកផ្លូវមុខកាត់១ម៉ែត្រ ២ជួរ ២កន្លែង និងមានគូសគំនូសស្លាកចរាចរណ៍១៦ស្លាក តាមដងផ្លូវ ។ 

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា បើយើងក្រឡេកមើលទៅប៉ុន្មានឆ្នាំមុននេះប្រៀបធៀបនឹងបច្ចុប្បន្ន យើងឃើញថាប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកខេត្តបាត់ដំបង មានការប្រែប្រួល និងរីកចម្រើនលើគ្រប់វិស័យ ដែលសបញ្ជាក់ឱ្យឃើញថា ជីវភាពប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការប្រសើរឡើង ។ ឯកឧត្តមបានបន្តទៀតថា កន្លងមកការធ្វើដំណើរមានភាពលំបាក ពីទីកន្លែងមួយ ទៅទីកន្លែងមួយ តែបច្ចប្បន្នគឺមានភាពល្អប្រសើរច្រើន ជាពិសេសនៅតាមជនបទក៏មានផ្លូវធ្វើដំណើរស្រួល ងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិផលរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការធ្វើដំណើរជាប្រចាំផងដែរ ។ 

ក្នុងនោះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនៅតាមដងផ្លូវ សូមចូលរួមសម្រួលដល់ក្រុមការងារស្ថាបនាផ្លូវ ដើម្បីអនុវត្តការងារបានសម្រេចជោគជ័យ និងមិនត្រូវធ្វើការរំលោភលើដីចំណីផ្លូវឡើយ ហើយបើសិនជាមានការសាងសង់អ្វីនៅដីចំណីផ្លូវ សូមមេត្តារុះរើចេញ ដើម្បីឱ្យក្រុមការងារស្ថាបនាផ្លូវធ្វើការសាងសង់ផ្លូវ ហើយក្រោយពីផ្លូវនេះបានសាងសង់រួច សូមប្រជាពលរដ្ឋមេត្តាជួយថែទាំ ទប់ស្កាត់ ការដឹកជញ្ជូនធ្ងន់ៗ ជួយកាយទឹកចេញពីផ្លូវ ដើម្បីឱ្យផ្លូវយើងប្រើប្រាស់បានយូរអង្វែង ៕

ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ