logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ងួន រតនៈ ៖ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤នេះ ដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” 
5
30-March-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធី ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤នេះ សំដៅលើប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ស្របតាមពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រ នៃវប្បធម៌” ក្នុងគោលបំណងដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” ជាពិសេសស្របពេលដែលប្រទេសជាតិយើង បាននិងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ក៏ជាភារកិច្ចស្នូលនៃមនុស្សគ្រប់រូប ។ ហើយពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសារៈមន្ទីរខេត្តកំពង់ធំ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍បន្ថែមទៀតថា វិស័យវប្បធម៌ នៅតែជាបញ្ហាដែលត្រូវខិតខំដោះស្រាយយ៉ាងសកម្មបំផុត និងគ្មានទីបញ្ចប់ ដើម្បីឈានទៅរកសាកលភាវូបនីយកម្មដោយឆាប់រហ័ស។ វិស័យវប្បធម៌បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលត្រូវបាន និងកំពុងមានវិធានការជាបន្តបន្ទាប់ រាំងខ្ទប់នូវការហូរចូលដោយសេរី នៃវប្បធម៌បរទេស និងវប្បធម៌ពាលាអាវ៉ាសែ ដែលកំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរមួយចំនួន ឱ្យស្ម័គ្រចិត្តទទួលយកដោយពុំដឹងខ្លួន ហើយបំភ្លេចអស់នូវអត្តសញ្ញាណរបស់ជាតិខ្លួន បណ្តោយឱ្យកេរ្តិ៍ដំណែលប្រពៃណីទំនៀមទម្លាប់របស់ជាតិត្រូវអន់ថយ។ ហើយការបាត់បង់នូវតម្លៃវប្បធម៌ខ្មែរ គឺជាការបំផ្លិចបំផ្លាញបេតិកភណ្ឌជាតិ សម្បត្តិវប្បធម៌រូបី និងអរូបីជាដើម។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តទៀតថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បន្តខិតខំដឹកនាំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដូនតា ដល់យុវជនគោលដៅប្រកបដោយប្រសិទ្ធភាព និងគុណភាពតាមរយៈគ្រូជំនាញមកពី ថ្នាក់ក្រសួង និងនៅតាមទីជនបទ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ គ្រូបង្រៀន ជាដើម។

ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តន៍សកម្មភាពការងារវប្បធម៌ មកដល់សព្វថ្ងៃនេះឃើញថា៖ កិច្ចការគ្រប់គ្រង ជំនាញ នៃវប្បធម៌មានសកម្មភាព រឹងមាំជាបណ្តើរៗ គួរឱ្យកត់សម្គាល់ ដោយមានកិច្ចសហការគ្នា ធ្វើឱ្យមានភាពប្រក្រតីក្នុងសង្គមជាតិ។ ហើយលទ្ធផលការងារដែលទទួលបានកន្លងមក អាស្រ័យដោយស្មារតីសាមគ្គីភាព មនសិការជាតិខ្ពស់ ពុះពាររាល់ការលំបាករបស់មន្ត្រីរាជការគ្រប់មូលដ្ឋាន ព្រមទាំងមានការចូលរួមពី សាធារណៈទូទៅផងដែរ។ 

ជាចុងក្រោយ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ព្រមទាំងសិល្បករ សិល្បការិនី នៅទូទាំងខេត្ត ដែលបានខិតខំបម្រើវិស័យវប្បធម៌ និងសិល្បៈ នៅក្នុងខេត្តកំពង់ធំរបស់យើង មានភាពល្បីរន្ទឺសុះសាយ ជាពិសេសបានសហការគ្នា បង្កើតឱ្យមានទស្សនីយភាពយ៉ាងខ្ញៀវខ្ញារ នៅក្នុងពិធីដ៏មានសារៈសំខាន់មួយនេះ។

ប្រភព  ៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ