កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ
April 08, 2024 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ។  កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណភិបាលខេត្តកំពង់ធំ ។ 

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ 

ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា តាមរបាយការណ៍ក្នុងត្រីមាសទី១ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ បទល្មើសព្រហ្មទណ្ឌ នៅទូទាំងខេត្តមានការថយចុះបើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ នាពេលថ្មីៗនេះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានទាំងស្រុង និងជាពិសេសជាងនេះទៅទៀត រដ្ឋបាលខេត្ត បានអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តវិធានការធ្វើការតេស្ត រកសារធាតុញៀនខុសច្បាប់ ចំពោះមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ជាលទ្ធផលគឺអវិជ្ជមានទាំងអស់។  

ឯកឧត្តម អង មង្គល មានប្រសាសន៍ ក្រសួងមហាផ្ទៃ គឺជាក្រសួងឆ្អឹងខ្នងដ៍សំខាន់មួយដែលមានតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹងនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល និងការដឹកនាំគ្រប់គ្រងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។   

ឯកឧត្តម បន្តទៀតថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរាដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើវិស័យជាអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បើបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្អស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្អស់។ ដូច្នេះដើម្យីធានាដល់ការបំពេញតួនាទី ជាសេនាធិការជូនរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍ដ៏ខ្ពង់ខ្អស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ក្រសួងមហាផ្ទៃបានរៀបចំផែនការយុទ្ធសាស្រ្ត ស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម”។

គួរបញ្ជាក់ដែរថា ផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពី ឆ្នាំ២០២៤ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ ដោយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺជាមគ្គទេសក៍សម្រាប់តម្រង់ទិសដល់ការរៀបចំ និងអនុវត្តសកម្មភាពអាទិភាពនានារបស់ក្រសួងស្ថាប័ន និងតួនាទីអង្គភាពពាក់ព័ន្ធ។

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ