ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកថវិកាដែលប្រមូលបាន ចំនួន ៤២៣.៥៨៤.៨០០រៀល និង ៨.៩៣៩ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ
April 30, 2024 អ្នកទស្សនា :

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត នាំយកថវិកាដែលប្រមូលបានពីសប្បុរសជននៅក្នុងខេត្ត ចំនួន ៤២៣.៥៨៤.៨០០រៀល និង ៨.៩៣៩ដុល្លារ ទៅប្រគល់ជូន ដើម្បីទ្រទ្រង់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួម ពីឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស លោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាកទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចឿង ធានី ប្រធាននាយកដ្ឋាន និង ក្រុមការងារ នៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រខេត្តកំពង់ចាម រយ:ពេល ៧ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺ ការជិះកង់រៃអង្គាសប្រមូលថវិកាពីសប្បុរសជននានា ក្នុងក្រុង ស្រុក ទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺបានធ្វើឡើងបន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា។

ក្នុងយុទ្ធនាការនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំផែនការជិះកង់ ចេញទៅតាមគោលដៅ ក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន ៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ ៕
 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ