logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីផ្សព្វផ្សាយលទ្ធផលផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០១៧
107
15-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នៅសាលប្រជុំនាគព័ន្ធ អគារ ឆ សាលាខេត្តស្វាយរៀង កាលពីរសៀលថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ មានរៀបចំពិធីផ្សព្វផ្សា​យលទ្ធផលផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០១៧ ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯក​ឧត្ដមបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការក្រសួងផែនការ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វា​យរៀង និងលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្តផងដែរ។

     មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជម្រាបជូនពីស្ថានភាពទូ​ទៅ សមិទ្ធផល និងលទ្ធផលសំខាន់ៗដែលខេត្តសម្រេចបានទាំងនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងបានសម្ដែងនូវការអរគុ​ណចំ​ពោះក្រសួងផែនការ និងមន្ទីរអង្គភាពជំនាញនានាក្នុងខេត្តដែលបានគាំទ្រ និងចូលរួមចំណែកក្នុងដំណើរការគណនា និងចងក្រងគណនេយ្យជាតិសម្រាប់ខេត្តស្វាយរៀង ឆ្នាំ២០១៧ ឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរ សម្រាប់យកជាមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនថែមទៀត និងបានលើកយកមកផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃនេះ។

     មានប្រសាសន៍ក្នុងពិធីនេះផងដែរ ឯកឧត្ដម សឹង រេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ទីរផែនការ និងមន្ទីរពាក់ព័ន្ធទាំងអស់ដែលបានសហការក្នុងការផ្ដល់ទិន្នន័យចាំបាច់នានាសម្រាប់ការគណនា និងចងក្រងគណនេយ្យជាតិសម្រាប់ខេត្តស្វាយរៀង ឆ្នាំ២០១៧ ដែលខេត្តស្វាយរៀងគឺជាខេត្តមួយដែលមានសក្ដានុពលសម្រាប់វិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។

     ជាមួយនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីលទ្ធផលដែលសម្រេចបានបង្ហាញថាខេត្តស្វាយរៀងមានចំនួនប្រជាជន ៦២៣.៨៣០នាក់ ទំហំសេដ្ឋកិច្ច ៣.៣៣៥.៦២១ លានរៀល ស្នើនឹង ៨២៤,៦លានដុល្លារអាមេរិក ដែលទំហំសេដ្ឋកិច្ចស្មើនឹង ៣,៧% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា។ សេដ្ឋកិច្ចខេត្តមានវិស័យបីសំខាន់ៗ៖ កសិកម្មដែលមានសមាមាត្រធៀបនិងផលិតផលក្នុងស្រុក ៥០,៩% ឧស្សាហកម្មមានសមាមាត្រ ២៧,៤% និងសេវាកម្មមាន ៣១,៦% នេះបង្ហាញថាខេត្តស្វាយរៀងមានសក្ដានុពលខាងផលិតផលកសិកម្មដែលអាចជំរុញវិស័យឧស្សាហកម្មធុនស្រាល និងកែច្នៃកសិឧស្សាហកម្មបានផងដែរ។

     ចុងបញ្ចប់នៃកម្មវិធី ឯកឧត្ដមបានបញ្ជាក់ថាក្នុង អណត្តិទី៦នេះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ សំដៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ជាមួយនិងការរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% រក្សាស្ថេរភាពថ្លៃ និងអត្រាប្ដូរប្រាក់ បង្កើតការងារថ្មីៗ បន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត ហើយឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថាក្នុងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិបាលខេត្ត ខេត្តស្វាយរៀងនឹងសម្រេចបានជោគជ័យធំៗជាច្រើនបន្ថែមទៀត និងប្រើប្រាស់ទិន្នន័យ GDP ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចខេត្តទាំងមូលឲ្យកាន់តែប្រសើរឡើងផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ