អភិបាលខេត្តស្វាយរៀង អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តស្វាយរៀង
November 16, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

     ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកប្រធានសាលាដំបូងខេត្តចាស់ នាពេលកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការដឹកនាំអនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសបានចូលរួមចំណែកធ្វើឲ្យខេត្តស្វាយរៀង ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗជាបន្តបន្ទាប់ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញនូវជំនឿជឿជាក់ថាលោកប្រធានសាលាដំបូងខេត្តថ្មី ដែលត្រូវចូលកាន់តំណែងនៅថ្ងៃនេះ នឹងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ប្រកបដោយការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវតតួនាទីភារកិច្ចរបស់ខ្លួន ដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើគោលការណ៍តម្លាភាព និងភាពយុត្តិធម៌ផ្ដល់ជូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋរងគ្រោះ ។

     ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងយុត្តិធម៌ មានចក្ខុវិស័យរួមមួយអំពីវិស័យយុត្ដិធម៌ ដោយឈរលើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ដែលការពារឲ្យមានលទ្ធិប្រជាធិបតេយ្យសេរី នៅក្នុងប្រទេសមួយដែលមានអធិបតេយ្យ ដើម្បីធានាឱ្យមានក្របខ័ណ្ឌច្បាប់ និងយុត្ដិធម៌មួយ ដែលអាចជឿទុកចិត្ដបាន មានស្ថេរភាព និងប្រតិបត្ដិតាមនីតិរដ្ឋ។ ដូច្នេះស្ថាប័នទាំងឡាយ នៃវិស័យយុត្ដិធម៌ ត្រូវធ្វើឱ្យទំនើប និងមានប្រសិទ្ធភាព មានមន្ដ្រីបម្រើការមានលក្ខណៈសម្បត្ដិល្អប្រសើរ និងមានធនធានគ្រប់គ្រាន់ ព្រមទាំងដំណើរការត្រឹមត្រូវតាមការកំណត់នៃច្បាប់ ក្នុងការដោះស្រាយវិវាទគ្រប់ប្រភេទទាំងអស់ ដែលកើតឡើងរវាងបុគ្គល និងបុគ្គល ឬបុគ្គល និងរដ្ឋជាដើម។ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តថ្មី ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។

      សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យលេខ ន ស/រ ក ត/១០១៨/១១៤០ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តក្រចេះ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តស្វាយរៀង ជំនួសលោក ប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តស្វាយរៀង ត្រូវបានផ្ទេរមុខតំណែងឲ្យទៅបម្រើការងារជាប្រធានសាលាដំបូងខេត្តប៉ៃលិន ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ