អភិបាលខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ៩៨៤ នាក់ ដោយឥតគិតថ្លៃ នៅស្រុកថ្មបាំង
May 20, 2019 អ្នកទស្សនា :

     លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ៩៨៤ នាក់ ដោយឥតគិតថ្លៃ។ ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅតំបន់អារ៉ែង ស្ថិតនៅភូមិព្រែកសាយ ឃុំដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ ដោយមានការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងក្រុមការងារជាច្រើននាក់ទៀត នាថ្ងៃអាទិត្យ ១ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។
      លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពុកម៉ែ បងប្អូននៅក្នុងកម្មវិធីនោះផងដែរ។ ដោយលោកជំទាវបន្តថា នៅតំបន់អារ៉ែងនេះ ជាតំបន់ដាច់ស្រយាល ដោយមើលឃើញផ្លូវពិបាកធ្វើដំណើរផងនោះ ក្រុមចលនាយុវជន ក១៥៧ ដឹកនាំដោយ ឯកឧត្តម មុឹង ពន្លក បានចុះធ្វើលាសារៀន អណ្តូងទឹក ប៉ុស្តិ៍សុខភាព ជាពិសេសកសាងធ្វើផ្លូវថ្នល់បានស្អាតល្អ ងាយស្រួលធ្វើដំណើរ សម្រាប់តំបន់អេកូទេសចរណ៍ផងដែរ។ សមិទ្ធផលទាំងអស់ខាងលើនេះសុទ្ធតែមានការជ្រោមជ្រែង និងគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
លោកជំទាវ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកថ្មបាំង ខេត្តកោះកុង ដែលបានសម្របសម្រួលពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និងបង្កប់នូវស្នាមញញឹមគ្រប់ៗគ្នា។ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបន្តវាស់ភ្នែកចែកជូនវែនតាសម្រាប់ លោកយាយ លោកតា ចំនួន ៣០០គ្រឿង ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ០៧គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
       ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះ សុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋាន។ ពុកម៉ែ បងប្អូនបានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ