ខេត្តស្វាយរៀង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងស្វាយរៀង អាណត្តិទី៣
June 19, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាក្រុងស្វាយរៀង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងស្វាយរៀង អាណ​ត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមាន​ការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី លោក​នាយកនាយកទីចាត់ការចំណុះសាលាខេត្ត  ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយក នាយក​រងរដ្ឋបាល​សាលាក្រុង ប្រធាន អនុប្រធានការិយាល័យ និងអង្គភាព ចំណុះសាលាក្រុងស្វាយរៀង ប្រធានការិយាល័យ​ជំនាញនានាជុំវិញក្រុង ជាច្រើនផងដែរ។

     ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានប្រសាសន៍ផ្តាំផ្ញើមួយចំនួនរួមមាន៖​

១.  រដ្ឋបាលក្រុងស្វាយរៀង ត្រូវបន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាចាំបាច់នានាដូចជា សេវាអប់រំ សុខាភិ​បាល សង្គមកិច្ច និងសេវាសាធារណៈដទៃទៀតប្រកបដោយ ស្មារតីទទួលខុស ត្រូវខ្ពស់ មានតម្លាភាព និង​គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

២.  ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែ មួយនៅថ្នាក់ក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងធានាថា ការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការ​ប្រកបដោយតម្លាភាព និង គណនេយ្យភាពស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់។

៣.  ត្រូវខិតខំជំរុញ និងសម្របសម្រួលជាមួយមន្ទីរ អង្គភាព និងការិយាល័យជំនាញ ពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅ សាលាក្រុង រួមទាំងផ្តល់ការគាំទ្រខាងបច្ចេកទេស ការកសាងសមត្ថភាពដល់ការផ្តល់សេវា ទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

៤.  ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស ចៅសង្កាត់ ចៅសង្កាត់រង ស្មៀន​សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ច នានានៅមូល​ដ្ឋាន​ឲ្យពង្រឹងសមត្ថភាព និងការទទួលខុសត្រូវក្នុងការបំពេញការងារប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ។

៥.  រដ្ឋបាលក្រុងស្វាយរៀង ត្រូវដឹកនាំសម្របសម្រួលដល់រដ្ឋបាលសង្កាត់ ដើម្បីពិនិត្យមើលឡើងវិញ នូវបញ្ជី​បញ្ហាប្រឈម សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈនានា ព្រម​ទាំង​ធ្វើ​របាយការណ៍អំពីលទ្ធផលនៃការដោះស្រាយមក រដ្ឋបាល ខេត្ត និង/ឬមន្ទីរ អង្គភាពពាក់ព័ន្ធ​នានា​ជុំវិញខេត្ត។

៦.  ចំពោះបញ្ហា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើរបាយការណ៍មកក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមសហការដោះស្រាយ។

៧.  ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោ បាយ  “ភូមិ ឃុំមាន​សុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ។

៨.  ត្រូវពង្រឹងវិធានការរដ្ឋបាលនិងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទទូទាំងក្រុងឲ្យបានម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងខារ៉ាអូខេ សណ្ឋាគារ ផ្ទះសំណាក់។

៩.  ត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសសុវត្ថិភាពចរាចរ ដោយត្រូវផ្តល់អាទិភាពលើការផ្សព្វផ្សាយអប់រំ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

១០.  គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវមានការទទួលខុសត្រូវ ក្នុងការលុបបំបាត់នូវប៉ុស្តិ៍ត្រួត ពិនិត្យមិនស្របច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិ ទី៣នេះ  ក្រុមប្រឹក្សាក្រុងស្វាយរៀង មាន ចំនួន ១៥រូប ហើយលោក យូ ប៊ុននី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាក្រុង៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ