អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៣ នៅបរិវេណសាលាក្រុងបាត់ដំបង
June 19, 2019 អ្នកទស្សនា :

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៣ នៅបរវេណសាលាក្រុងបាត់ដំបង ។            ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ ។ 
      លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង បានឡើងអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងអង្គពិធីទាំងមូល អំពីលទ្ធផលការងារសំខាន់ៗ ដែលបានសម្រេចបានរយៈពេលកន្លងមកក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង រយៈពេល ៥ឆ្នាំ ។ 

      តាមអនុក្រឹត្យស្តីពីការទទួលស្គាល់ សមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៣ មានចំនួន ២១រូប ក្នុងនោះ លោក អឿម សុខុន ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៣ រួមនឹងលោក លោកស្រី ចំនួន ២០រូបទៀត ជាសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាត់ដំបង ។ 

      លោក អឿន សុខុន ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបងដែលទើបបានប្រកាសតែងតាំងសម្រាប់អាណត្តិទី៣នេះ បានអញ្ជើញឡើងមានចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត ជូនអង្គពិធីទាំងមូល ។            ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ នាព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ថា ក្នុងនាម ក្រសួងមហាផ្ទៃ ឯកឧត្តម សូមចូលរួមអបអរសាទរ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាត់ដំបង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៣ ដើម្បីដឹកនាំក្រុងបាត់ដំបង ឲ្យមានការអភិវឌ្ឍ និងរីកចម្រើនបន្តទៀត ។ 

       ឯកឧត្តមបានបន្ថែមទៀតថា ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សរុបចំនួន១៥លើករួចមកហើយ។ ពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយ មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានវាយតម្លៃថា ដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាកាន់តែវិវត្តន៍រីកចម្រើនជាលំដាប់។ ការបោះឆ្នោតទាំងនេះ ត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ និងដំណើរការប្រកបដោយលក្ខណៈបើកចំហរ សេរី ត្រឹមត្រូវ យុត្តិធម៌ ទាំងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។ អាស្រ័យដោយមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំនេះ ប្រទេសជាតិយើងរក្សាបានកាន់តែរឹងមាំនូវសុខសន្តិភាព សេ្ថរភាពខាងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
       ឯកឧត្តមបន្ថែមថា ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ កាលពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ កន្លងមក ក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោត ក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។

      ឯកឧត្តម បានបញ្ជាក់បន្ថែមថា រដ្ឋបានបាលក្រុង ស្រុក និងក្រុមប្រឹក្សាក្រុង ស្រុក ក្នុងអាណត្តិទី៣ នេះ បន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាចាំបាច់នានា និងសេវាសាធារណៈដ៏ទៃទៀត ប្រកបដោយស្មារតីទទួលខុសត្រូវ មាតម្លាភាព និងគណនេយ្យភាព និងឆាប់រហ័សចំពោះប្រជាពលរដ្ឋ ។ 

      សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ សរុបមានចំនួន ៤១១៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន៣៥៥៥រូប។ ដោយឡែក សម្រាប់រដ្ឋបាលក្រុងបាត់ដំបង មានក្រុមប្រឹក្សាចំនួន ២១រូប ដែលត្រូវប្រកាសឱ្យចូលកាន់មុខតំណែងនាឱកាសដ៏ថ្លៃថ្លានេះ៕ មុនីរម្យ

ប្រភពៈ ខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ