ខេត្តសៀមរាប៖ ផ្សារលើធំថ្មី ត្រូវបានតភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋ
December 14, 2017 អ្នកទស្សនា :

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១១រោច ខែ មកសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកាកដ្ឋានតភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋចូលផ្សារលើធំថ្មី ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលក្រុងសៀមរាប និង ការបង្ហាញអំពីបច្ចេកទេស ក្នុងការតភ្ជាប់ បណ្តាញអគ្គិសនី របស់អង្គភាពអគ្គិសនីខេត្តរួចមក មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនអាជីវករ និង ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងក៏បានគូសបញ្ជាក់ថា ដើមី្បឲ្យសក្តិសមជាក្រុង ទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ អាជ្ញាធរខេត្តត្រូវធ្វើការកែលម្អសោភណ្ឌភាពក្រុង លើហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ថ្នល់ និង ដាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈទៀតផង ។ ម៉្យាងទៀតដើមី្បឲ្យកាន់តែមានភាពប្រសើរ ឡើងនៅតាមទីប្រជុំជន សំខាន់ទីផ្សារលើធំថ្មី អាជ្ញាធរខេត្តក៏តែងគិតគូរបញ្ហាសន្តិសុខ សុវត្ថិភាព សោភ័ណភាព បរិស្ថានអនាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈទាំងក្នុងផ្សារ និងក្រៅបរិវេណផ្សារទាំងអស់នៅក្នុងខេត្តសៀមរាប ដោយបានបង្កើតគណៈកម្មាធិការ គ្រប់គ្រងផ្សារថ្នាក់ខេត្ត ក្រុង ស្រុកទៀតផង ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា សម្រាប់ផ្សារលើធំថ្មីនេះ អាជ្ញាធរខេត្តក៏បានណែនាំដល់រដ្ឋបាល ក្រុង សង្កាត់ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ សហការគ្នារៀបចំកែលម្អចំណុចខ្វះខាតផ្សេងៗ នៅក្នុងផ្សារ ជុំវិញបរិវេណផ្សារ ធ្វើយ៉ាងណាឲ្យមានសោភ័ណភាព សន្តិសុខ បរិស្ថានអនាម័យ និង របៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ និងការបញ្ជៀសនូវហានិភ័យកើតឡើងជាយថាហេតុ ជាពិសេសថែមទៀតនោះ ឲ្យសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ អាចធ្វើដំណើរចូលទស្សនាកម្សាន្ត និងអាចទិញរបស់របរនៅក្នុងផ្សារ ក៏ដូចជាការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ទីក្រុងទេសចរណ៍អាស៊ាន ស្អាត និង ផ្សារស្អាត របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកផងដែរ អំពីសំណូមពររបស់បងប្អូនអាជីវករ ក្នុងការសុំធ្វើប័ណ្ណកម្មសិទ្ធិតូបរបស់ខ្លួនក្នុងផ្សារ រាជរដ្ឋា ភិបាលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និង អាជីវករដែលបានកំពុងប្រកបការលក់ដូរ ដោយ បងប្អូនមានសិទ្ធិគ្រប់គ្រងកាន់កាប់តូបលក់ដូរ តកូនតចៅបាន តែការផ្តល់ប័ណ្ណកម្មសិទ្ធិគឺមិនអាចធ្វើជូនបាន ឡើយ ពីព្រោះជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំមួយចំនួន ដល់អាជ្ញាធរក្រុង គណៈកម្មការផ្សារ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលមានតួនាទីតំណាងអាជីវករ ដើម្បីចូលរួមសហការជា មួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថានអនាម័យ និង របៀបរៀបរយសាធារណៈតាមស្តង់ តូប រាន ឬទីតាំងលក់ដូរ នៅក្នុងផ្សារ តាមប្លង់មេ ដែលបានកំណត់ឲ្យបានត្រឹមត្រូវ និង ស្តាប់ការនូវសំណូមពរ សុខទុក្ខ និងដោះស្រាយជូនបងប្អូនអាជីវករទៀតផង ។ ក្នុងនោះដែរឯកឧត្តម បណ្ឌិត ក៏បានដាក់នូវវិធានការមួយចំនួន ចំពោះអាជ្ញាធរក្រុង គណៈកម្មការផ្សារ ធ្វើយ៉ាងណារៀបចំស្តង់លក់ ឲ្យ ត្រូវតាមមុខរបរ មិនឲ្យមានការឡុកឡំគ្នាដូចសព្វថ្ងៃនេះឡើយ ព្រមទាំងកំណត់ទីតាំងឲ្យបងប្អូនអ្នកលក់តាម កញ្ច្រែង ដោយមិនទាផាស៊ីពួកគាត់ឡើយ ហើយកត្តាសំខាន់គឺបរិស្ថានក្នុងផ្សារផងដែរ ។ ម៉្យាងទៀតចំពោះ សមត្ថកិច្ចសណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះទីចំណតសាធារណៈ ដែលតែងធ្វើឲ្យប៉ះពាល់ដល់ការ ធ្វើចរាចរណ៍ឆ្លងកាត់ មានការកកស្ទះដោយការចតគ្មានសណ្តាប់ធ្នាប់នៅមុខផ្សារលើធំថ្មីនេះ ៕ ប្រភពព័ត៌មាន:រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ