នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការ បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋានក្នុងខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរ-អង្គភាព ព្រមទាំងតំណាងម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត និងខារ៉ាអូខេដែលមានមូលដ្ឋានក្នុងខេត្ត សរុប ៥៦៥នាក់ ។
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពុំមែនជាកិច្ចការផ្ដាច់មុខរបស់អ្នកណាម្នាក់នោះទេ ជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ទើបការងារនេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ហើយប្រសិនបើខ្វះការចូលរួមដោយពេញលេញពីភាគីណាមួយនោះ ទាំងរដ្ឋក្ដី និងឯកជនក្ដី នោះនឹងធ្វើឲ្យយើងពិតជាមានការលំបាកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលធ្វើឲ្យបញ្ហានេះ នៅតែជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់យុវជន និងប្រជាជន ក៏ដូចជាប្រទេសជាតិរបស់យើង ។ ឯកឧត្ដមបានថ្លែងនូវការអរគុណចំពោះម្ចាស់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល និងខារ៉ាអូខេនៅក្នុងខេត្ត ដែលបានសហការចុះកិច្ចសន្យាស្ដីពីកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនជាមួយស្នងការដ្ឋាននគរបាលដ្ឋានខេត្ត និងសូមស្នើដល់ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ដែលមិនទាន់បានចុះកិច្ចសន្យា សូមចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត អនុវត្តកិច្ចការនេះ ឲ្យបានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ ។ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការរដ្ឋបាលឲ្យបានកាន់តែសកម្ម និងផុលផុសថែមទៀត និងស្នើដល់ម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ ត្រូវចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ជាមួយកម្លាំងសមត្ថកិច្ច ដោយមិនត្រូវមានការលាក់បាំងព័ត៌មានណាមួយនោះទេ ហើយក្នុងករណីមានការសង្ស័យថាមានករណីជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួនសូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ដើម្បីមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា ហើយសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងឲ្យបានដាច់ខាតនូវ កុំ "៤" គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង