នៅព្រឹកថ្ងៃព្រហស្បតិ៍ ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំធំ រដ្ឋបាលខេត្តសៀមរាប បានបើកសិក្ខាសាលា ស្ដីពីការវិភាគគោលនយោបាយឆ្លើយតបនឹងយេនឌ័រ ក្នុងគម្រោងបញ្រ្ជាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី(PGM-WEE) របស់ក្រសួងកិច្ចកានារី ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ ប្រធាននាយកដ្ឋាន និងជាអ្នកសម្របសម្រួល តំណាងក្រសួងកិច្ចការនារី និងលោកជំទាវ យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន គ.ក.ស.ក ដោយមានការចូលរួមពី ឯកឧត្ដម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗចូលរួមផងដែរ។ គោលបំណងនៃអង្គសិក្ខាសាលានេះធ្វើឡើង ដើម្បីស្វែងយល់អំពីទិសដៅការងារ ដែលត្រូវយកចិត្តទុកដាក់សម្រាប់ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី កំណត់នូវវិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហាឲ្យឆ្លើយតបនឹងយេនឌ័រ និងកំណត់នូវតម្រូវការព័ត៍មាននានា ដើម្បីធ្វើការសម្រេចយកសកម្មសាកល្បង។ នៅក្នុងប្រសាសន៍លោកជំទាវ ច័ន្ទ សូរីយ៍ ប្រធាននាយកដ្ឋាន ក៏ដូចជាប្រសាសន៍របស់លោកជំទាវ យូ សុភា អភិបាលរង ខេត្ត បានលើកឡើងថា សិក្ខាសាលារបស់យើង ស្ដីពីការវិភាគយេនឌ័រគោលនយោបាយឆ្លើយតបនឹងយេនឌ័រ ត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស ការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចស្រ្តី ធ្វើយ៉ាងណាឲ្យស្រ្តីកម្ពុជាគ្រប់រូបក្លាយជាដៃគូរស្មើរមុខមាត់ ជាមួយបុរស ក្នុងកិច្ចអភិវឌ្ឍខ្លួនឯង គ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។ ជាមួយនឹងទិសដៅកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងដោយមានយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្រ្តនារីរតៈទី៤ ជាផែនទីបង្ហាញផ្លូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមចំណែកយ៉ាងសកម្មទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៧នេះ ខេត្តសៀមរាបមានភ្ងៀវទេសចរជាតិ អន្តរជាតិ សរុប៥ ៣៥០ ៦៧៦នាក់ មានការកើនឡើង៥,៥% បើប្រៀបធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១៦។ កត្តារីកចំរើនលើវិស័យទេសចរនេះ បានជំរុញឲ្យខេត្តមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរឲ្យគត់សម្គាល់។ ជាចុងក្រោយ គណៈអធិបតី នឹងសង្ឃឹមថា អង្គសិក្ខាសាលារបស់យើងនឹងផ្ដល់ឱកាស ដល់អ្នកចូលរួមទាំងអស់ ដែលជាភ្នាក់ងារដ៏សំខាន់ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក្នុងការពង្រីកចំណេះដឹង និងប្រែក្លាយចំណេះដឹងនេះ ទៅជាការអនុវត្តជាក់ស្ដែង តាមរយះការអនុវត្តផ្ទាល់ក្នុងគ្រួសារ អង្គភាព សហគមន៍ ក៏ដូចជាការតស៊ូមតិជាមួយអ្នកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យគោលនយោបាយច្បាប់ ផែនការ កម្មវិធី និងគម្រោងនានា ក្នុងផ្នែកសេដ្ខកិច្ច មានការគិតគូរ ដល់សមភាពយេនឌ័រជាអតិបរិមា។