រដ្ឋបាលខេត្តស្វាយរៀង ប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដំណាក់កាល២០១៦ - ២០១៩ ជាមួយគណៈកម្មាធិការប្រជាជនខេត្តឡុងអាន
September 10, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្ត​កិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល២០១៦ - ២០១៩ និងពិធីចុះហត្ថលេខាលើខ្លឹម​សារបំពេញបន្ថែម​នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល​ខេត្តស្វាយរៀង និងឯកឧត្តម ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គម​និយមវៀតណាម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងបណ្ដាស្រុកជាប់ព្រំដែនទាំងអស់ នៃខេត្តទាំងពីរ។
     ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ចប្រជុំបូកសរុបការអនុវត្ត​កិច្ចព្រម​ព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៩ នៅថ្ងៃនេះ គឺជាវេទិកាជួបជុំប្រចាំឆ្នាំដ៏​មានសារៈ​សំខាន់របស់ភាគីទាំងពីរ ដើម្បីត្រួតពិនិត្យលើបណ្ដាសកម្មភាពទាំងឡាយដែលអនុវត្តបាន សកម្មភាពដែល​មិន​ទាន់បានអនុវត្ត បញ្ហាប្រឈម ព្រមទាំងរួមគ្នាដាក់ចេញនូវវិធានការ ក៏ដូចជាដំណោះស្រាយគាំទ្រឲ្យបណ្ដា​សកម្មភាព​ដែលបានព្រមព្រៀងគ្នាអនុវត្តទទួលបានលទ្ធផលកាន់តែជោគជ័យថែមទៀត។ ជាមួយនេះភាគីទាំង​ពីរក៏បានយល់ឃើញដូចគ្នានូវលទ្ធផលដ៏ប្រសើរនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាល ២០១៦-២០១៩​កន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់​នៅរបស់ប្រជាជន​ខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជា​តំបន់ដែលមានការអភិវឌ្ឍ និងប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និង​ចីរភាព ។
     ក្នុងឱកាសនោះផងដែរ ក្រៅពីចុះហត្ថលេខាលើរបាយការណ៍បូកសរុបការអនុវត្តកិច្ចព្រម​ព្រៀងសហ​ប្រតិបត្តិ​ការដំណាក់កាល២០១៦ - ២០១៩ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និង​ឯកឧត្តម ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ក៏បានចុះហត្ថលេខាលើខ្លឹម​សារបំពេញ​បន្ថែមនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ដើម្បីបំពេញបន្ថែមនូវខ្លឹមសារសំខាន់ៗមួយចំនួន ឆ្លើយតបទៅនឹងទៅនឹងសភាពការណ៍ និងតម្រូវការជាក់ស្ដែង ស្របតាមការបរិបទនៃការរីកចម្រើនបច្ចុប្បន្នរបស់ខេត្តទាំងពីរ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ