ថ្ងៃទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​នេះ ​ជា​ខួប៧ឆ្នាំ​ ​នៃ​ការ​យាង​សោយទិវង្គត​ ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម​ ​សីហនុ​
October 15, 2019 អ្នកទស្សនា :

      (ពោធិ៍សាត់)៖ ​ថ្ងៃទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១២​ ​វេលា​ម៉ោង​ ​១​:​២០នាទី​យប់​ ​ជា​វេលា​ដែល​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម​ ​សីហនុ​ ​បាន​យាង​សោយទិវង្គត​។​ ​នៅ​ថ្ងៃទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ជា​ខួប៧ឆ្នាំ​ ​នៃ​ការ​សោយទិវង្គត​របស់​ព្រះអង្គ​ ​និង​ជា​ថ្ងៃ​ដែល​កូនខ្មែរ​ ​សោកសៅ​ ​និង​សោកសង្រេង​បំផុត​។​

​      រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​កំណត់​យក​ថ្ងៃទី១៥​ ​ខែតុលា​ ​ជា​ថ្ងៃបុណ្យ​ជាតិ​ ​និង​ជា​ថ្ងៃ​កាន់​មរណទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំងមូល​ ​ដើម្បី​ជា​ការ​តបស្នង​ចំពោះ​ព្រះមហាករុណាទិគុណ​ ​និង​ព្រហ្មវិហារ​ធម៌​ដ៏​ថ្លៃថ្លា​ឧត្តុង្គ​ឧត្តម​ ​វិសេសវិសាល​របស់​ព្រះអង្គ​ ​ដែល​បាន​លះបង់​ព្រះ​កាយពល​ ​ព្រះ​បញ្ញាញាណ​។​

​      នៅ​ឆ្នាំ២០១៩នេះ​ ​គ្រប់​ក្រសួង​ ​ស្ថាប័នរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​និង​តុបតែង​លម្អ​ទង់ជាតិ​ ​ទង់សាសនា​ ​ទង់​ព្រះមហាក្សត្រ​ ​ទង់​ក្អែប​ ​បដា​ ​ពាក្យស្លោក​ ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ទ្រង់​។​

      ដោយឡែកសម្រាប់ខេត្តពោធិ៍សាត់ ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៧ឆ្នាំ នៅបរិវេណសាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគនៈអភិបាលខេត្តផងដែរ។

​      សូម​បញ្ជាក់​ថា​ ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម​ ​សីហនុ​ ​បាន​យាង​សោយទិវង្គត​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដោយ​ព្រះ​ជរាពាធ​ ​ក្នុង​ជន្មាយុ​ ​៩០ព្រះវស្សា​។​ ​ព្រះ​សព​របស់​អតីត​ព្រះមហាក្សត្រ​ ​ត្រូវ​បាន​ដឹក​តាម​ជើង​យន្តហោះ​ពិសេស​ពី​ប្រទេស​ចិន​មក​កម្ពុជា​ ​នៅ​ថ្ងៃទី១៧​ ​ខែតុលា​ ​ឆ្នាំ២០១២​ ​នៅ​វេលា​ម៉ោង៣រសៀល​។

      ការ​យាង​សោយទិវង្គត​របស់​ព្រះអង្គ​ ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ​បាន​បង្ហាញ​ក្ដី​វិយោគ​ស្រណោះ​ស្រណោក​ពន់ពេក​ក្រៃ​ ​ចំពោះ​ការបាត់បង់​អង្គ​ព្រះមហាក្សត្រ​ ​ដែល​បាន​បន្សល់​នូវ​ស្នា​ព្រះ​ហស្ថ​ ​ដ៏​ច្រើន​សម្រាប់​ជាតិ​កម្ពុជា​។​ ​ស្នា​ព្រះ​ហស្ថ​ធំៗ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅតែ​ចងចាំ​ជាប់​មិន​អាច​បំភ្លេច​បាន​នោះ​ ​គឺ​ការ​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ ​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​ការ​ទាមទារ​ ​និង​ដណ្តើម​សិទ្ធិ​សេរីភាព​ ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ពី​នឹម​អនាគម​បារាំង​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃទី៩​ ​វិច្ឆិកា​ ​ឆ្នាំ១៩៥៣​។​

​      តាមរយៈ​ឯកសារ​របស់​ព្រះអង្គ​ ​បាន​បង្ហាញថា​ ​ក្រោយ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​បាន​ជោគជ័យ​ហើយ​នោះ​ ​ការ​បំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស​ ​ក្នុង​សម័យ​សង្គម​រាស្ដ្រ​និយម​ ​(​១៩៥៣​-​១៩៧០​)​ ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កោត​សរសើ​ ​ស្ញប់ស្ញែង​ ​និង​ចងចាំ​មិន​ភ្លេច​បាន​ចំពោះ​វីរភាព​ ​និង​ការ​រីកចម្រើន​របស់​ជាតិ​កម្ពុជាក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះអង្គ​។

​      ក្រោម​ការដឹកនាំ​របស់​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​ ​នរោត្តម​ ​សីហនុ​ ​ជា​ព្រះប្រមុខរដ្ឋ​របប​សង្គម​រាស្ត្រនិយម​ ​កម្ពុជា​មានមុខមាត់​នៅ​លើឆាកអន្តរជាតិ​ ​ដោយសារ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​នគរ​ចាត់ទុកជា​មហា​វីរក្សត្រ​មួយ​អង្គ​ដែល​បាន​លះបង់​ព្រះ​កាយពល​ ​និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ ​និង​នាំមក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជា​រា​ស្ត្​របស់​ព្រះអង្គ​។​

​​      សមិទ្ធ​ផល​ធំៗ​របស់​ព្រះអង្គ​គឺជា​គំរូវីរភាព​ដ៏​អង់អាច​ក្លាហាន​ ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​ ​និង​ស្នា​ព្រះ​ហស្ថ​ដឹកនាំ​កសាង​សង្គម​កម្ពុជា​ ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ឱ្យ​ល្បី​រន្ទឺ​នៅ​អាស៊ី​ ​និង​ការ​កសាង​នូវ​ភាព​ល្បីល្បាញ​ ​ដែល​ជា​ការ​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​ ​ដូច​ពាក្យសុភាសិត​ខ្មែរ​មួយ​ឃ្លា​ ​បាន​ពោល​ថា​ ​«​ទូក​ទៅ​ ​កំពង់​នៅ​»​ ​យ៉ាង​ដូច្នោះ​ដែរ​៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ