

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤នៅបរិវេណវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាធាយ ក្នុងស្រុកបាធាយ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ចាម។
បន្ទាប់ពី ការនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្រ បង្សុកូល ដើម្បី សម្ដែងសមានចិត្តអាណិតអាសូរ និងសោកស្តាយ ចំពោះ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ជាបន្តបន្ទាប់ ធ្វើឲ្យបាត់បង់អាយុជីវិត បងប្អូនប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមក ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាអន្តរជាតិរំលឹកនេះឡើង ក្នុងគោលបំណងរំលឹកទៅដល់វិញ្ញាណក្ខ័ន្ធអ្នកទាំងឡាយ ដែលបានបាត់បង់ជីវិត យ៉ាងអាណោចអធ័ម ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ហើយក៏ជាសារមួយ ផ្ញើជូនដល់បណ្តាអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បី ជៀសផុតពីសោកនាកម្ម ដែលអាចកើតមានឡើងជាយថាហេតុ គ្រប់ពេលវេលា ផងដែរ។ ឯកឧត្ដមមានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងតែវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងស្ថិរភាពនយោបាយ សុវត្ថិភាព សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ កម្រិតជីវភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏កាន់តែល្អប្រសើរឡើង ហើយសមិទ្ធផលជាតិនានា មានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយនោះ កំណើនមធ្យោបាយធ្វើដំណើរ យានយន្តគ្រប់ប្រភេទ មានការកើនឡើងយ៉ាងគំហុក នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ស្ថិតក្នុងកំណើនមួយ គួរឱ្យព្រួយបារម្ភ ផងដែរ ជាពិសេស ហានិភ័យ នៃការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។ គ្រោះថ្នាក់ចរាចរណ៍ ជាកត្តាមួយ ធ្វើឱ្យអន្តរាយ ដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាន និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយមិនទាន់គិតពីការបន្សល់ទុក នូវស្ត្រីមេម៉ាយកុមារកំព្រា និងជនពិការឡើយ។ ការបាត់បង់ទ្រព្យសម្បត្តិ ដែលមានចំនួនច្រើនលើសលុប បានជះឥទ្ធិពលធ្ងន់ធ្ងរ ផងដែរ ដល់សេដ្ឋកិច្ចជាតិ គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ របស់សង្គមជាតិ។ សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចម្បង ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្តកើនឡើង យ៉ាងខ្លាំង ដែលមានចំនួនប្រមាណ ១,៣៥លាននាក់ ជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាបញ្ហាចម្បងទី១ ក្នុងពិភពលោក ដែលបានឆក់យកជីវិតមនុស្សភាគច្រើន មានអាយុចន្លោះពី ៥-២៩ឆ្នាំ ។ បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានបង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៩៨៨ករណី នៅលើដងផ្លូវ បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៤៨៨នាក់ និងរបួសចំនួន ១.៤៩៤នាក់។ ដោយឡែក នៅខេត្តកំពង់ចាម ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១៥០ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ៩១នាក់ របួសធ្ងន់ចំនួន ១១៥នាក់ និងរបួសស្រាលចំនួន ៧៩នាក់។ ទាំងនេះ គឺបណ្តាលមកពីកត្តាផ្សេងៗ រួមមាន ៖ កត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវថ្នល់ ការរំលោភលើច្បាប់ចរាចរណ៍ ការបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង និងមិនយោគយល់អធ្យាស្រ័យគ្នា។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាន អំពាវនាវដល់គ្រប់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្នុងទូទាំងខេត្តកំពង់ចាម បង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា ចូលរួមអនុវត្តច្បាប់ចរាចរណ៍ សំដៅប្រែក្លាយផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ចាម ឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់ ដោយការអនុវត្ត នូវតំបូន្មាន ១១ចំណុច គឺ ៖ ១.ត្រូវពាក់មួក និងខ្សែក្រវ៉ាត់សុវត្ថិភាព រៀរាល់ពេលធ្វើដំណើរ។ ២.ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ៣.ត្រូវយល់ដឹង និងគោរពសិទ្ធអាទិភាព។ ៤.ត្រូវត្រួតពិនិត្យយានយន្តឲ្យមានសុវត្ថិភាពល្អ។ ៥.ត្រូវប្រើប្រាស់សម្ភារៈងាយមើលឃើញ នៅពេលដើរ ឬជិះកង់។ ៦.កុំបើកបរហួសល្បឿនកំណត់។ ៧.កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ៨.កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ៩.កុំបើកបរ ឬធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ។ ១០.កុំប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ និង១១.សូមប្រកាន់ខ្ជាប់ខ្ជួនទាំងអស់គ្នា នូវអនុសាសន៍ ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ៖ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!» ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម







