គណៈប្រតិភូខេត្តកំពត ចូលរួមទទួលជ័យលាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ាន នៅប្រទេសព្រុយណេ
January 16, 2020 អ្នកទស្សនា :

      ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជាយើង ដោយទីក្រុង របស់កម្ពុជាចំនួន ៣ រួមមាន ទីក្រុងកំពត ខេត្តកំពត ទីក្រុងតាខ្មៅ ខេត្តកណ្ដាល និងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នាឱកាស​​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ាន ប្រទេសព្រុយណេ។

       ក្នុងនោះម្ចាស់ជ័យលាភី នៃទីក្រុងកំពត ខេត្តកំពត ត្រូវបាន ដឹកនាំចូលរួមទទួលដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

       ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍​អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ក៏ដូចជាជម្រុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

       គួរបញ្ជាក់ថា ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយស្តង់ដារនេះត្រូវបានអនុម័ត និងដាក់ឲ្យ​អនុវត្តជា​ផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ​២០១៥។ គណៈកម្មាធិការជាតិ​វាយ​តម្លៃ​ទីក្រុងស្អាតបាននឹងកំពុងជម្រុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំង​នៅកម្រិត​ថ្នាក់ជាតិ និងកម្រិត​តំបន់​អាស៊ាន សំដៅចូលរួមដល់ការជម្រុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ