ថ្ងៃនេះជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត សង្គ្រោះជាតិនិងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានមានជីវិតឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់នៅសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស កំពុងអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការការពារការរស់ឡើងវិញរបស់ប្រជាជន។ សូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ថ្លៃថ្លាបំផុតនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នា សូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខន្ឋជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌បំផុតដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងអស់នោះទៅកាន់សុខគតិភពជារៀងដរាប៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង