

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានជំរុញដល់អភិបាលស្រុកកងមាសត្រូវខិតខំអនុវត្តកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការបង្ខិតសេវាឲ្យ នៅជិតកៀកនឹងប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ការថ្លែងបែបនេះ ខណៈដែល ឯកឧត្ដម បានអញ្ជើញជា គណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងជា អភិបាលនៃគណៈ អភិបាលស្រុកកងមាស ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកកងមាស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងស្រុកជាច្រើនរូបផងដែរ។
ដោយពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងនេះគឺ លោក ភោគ សាវុធ ពីអភិបាលរងស្រុក ត្រូវបានប្រកាសតែងតាំងជា អភិបាលនៃគណៈ អភិបាល ស្រុក កងមាស ជំនួស លោក មឿន ផា ដែលត្រូវចូលនិវត្តន៍ ។
ថ្លែងក្នុងពិធីនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថាការផ្លាស់ប្ដូរនិង ការតែងតាំងមុខតំណែងថ្មីនេះគឺជាភាពចាំបាច់មួយហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាលស្របទៅ តាមច្បាប់របស់ក្រុមព្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុង ស្រុក ពោលគឺមិនមែនដោយសារ បញ្ហាប្រឈមដែលត្រូវផ្លាស់ប្ដូរនោះទេគឺដល់អាយុកាលត្រូវចូលនិវត្តន៍ ។
ជាមួយគ្នានោះឯកឧត្ដម អភិបាលខេត្តបានថ្លែងថាក្នុងនាមជា គណៈអភិបាលស្រុក ត្រូវខិតខំបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យ កាន់តែល្អប្រសេីរ និងខិតខំដោះស្រាយរាល់សំណូមពររបស់ បងប្អូន ប្រជាពលរដ្ឋ ជាពិសេស ត្រូវ យកចិត្តទុកដាក់អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាងនេះទៅទៀតការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ដេីម្បីស្របទៅតាមការកែទម្រង់ គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម



















