logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដី មានលក្ខណៈជាប្រព័ន្ធ ចំនួន២ នៅភូមិព្រែកតាទាវ, ភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល
515
28-February-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវឱ្យ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅភូមិសំប៉ានក្រោម និងភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភះ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

      លោក ព្រំ ឆាត អនុប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវបែបក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីមាន​លក្ខណៈជា​ប្រព័ន្ធ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ នៅក្នុងវត្តព្រែកអំបិល។

      លោកអនុប្រធានមន្ទីរ បន្តថា ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជា​ពលរដ្ឋ​ដែលមានដី នៅភូមិទាំង២ ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ហើយក្នុងករណីមាន ខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី ឬព្រំដី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលបានបិទផ្សាយ។ ហើយការជំទាស់តវ៉ាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃបិទផ្សាយនេះ រហូតដល់ថ្ងៃទី១២ ខែ មិនា  ឆ្នាំ២០២០ ដោយក្នុងរយៈពេល១៥ថ្ងៃ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ បន្ទាប់ពីបិទផ្សាយរយៈពេល១៥ថ្ងៃរួចមក យើងនឹងទទួបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

      លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានលើកឡើងថា ការបិទផ្សាយនូវការវិនិច្ឆ័យនៅ​ពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចាំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

      លោកបន្តថា ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យើងបានប្រើប្រាស់​នូវបច្ចេក​ទេសខ្ពស់ រួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូសប្លង់សុរិយោដីដោយកុំព្យូទ័រ។

      សូមបញ្ជាក់ថា ទូទាំងនៅភូមិសំប៉ានក្រោម ភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មានក្បាលដីចំនួន១៦៣០ក្បាលដី  ដែលត្រូវបានបិទផ្សាយជាសាធរណៈ ក្នុងនោះភូមិសំប៉ានក្រោម ៧៩៧ក្បាលដី ភូមិព្រែកតាទាវ ៨៣៣ក្បាលដី៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ