logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តក្រចេះ ចាត់វិធានការឲ្យអាជ្ញាធរមូលដ្ឋានរៀបចំយុទ្ធនាការចុះផ្សព្វផ្សាយតាមភូមិដើម្បីត្រៀមបង្ការ ការពារជម្ងឺកូវីដ១៩
58
25-March-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ស្របពេលដែលពិភពលោកមានអ្នកកើតជម្ងឺ និងស្លាប់ ដោយសារវីរុសកូរ៉ូណារាប់ម៉ឺននាក់ ហើយនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជម្ងឺនេះរហូតដល់ទៅ៩១ករណីក៏ដោយ ប៉ុន្តែសម្រាប់ខេត្តក្រចេះ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញមានអ្នកឆ្លងជម្ងឺនេះនៅឡើយទេ។

      ទោះជាយ៉ាងនេះក្តី រយៈពេល២-៣ថ្ងៃនេះ មានពលករចំណាកស្រុកទាំងក្នុងនិងក្រៅប្រទេស រាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើត ក្នុងខេត្តក្រចេះវិញដោយគេមិនបានដឹងថា ក្នុងចំណោមមនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគកូរ៉ូណា ឬអត់នោះទេ។

      ដូច្នេះ ដើម្បីទប់ស្កាត់កុំអោយមានការចម្លងជម្ងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះនិងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជម្ងឺនេះ អោយបានទាន់ពេលវេលា អាជ្ញាធរខេត្តក្រចេះ ដែលមាន ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ បានដាក់ចេញនូវយុទ្ធនាការអោយមន្រ្តីជំនាញពាក់ពន្ធ័ទាំងអស់ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ជម្ងឺកូវីដ១៩នេះទាំងអស់គ្នា។

      នៅក្នុងខ្លឹមសារ នៃយុទ្ធនាការផ្សព្វផ្សាយនេះ បានណែនាំអោយប្រជាពលរដ្ឋដែលជាពលករ ទើបវិលត្រឡប់មកដល់ផ្ទះវិញ ត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃសិន ដើម្បីអោយប្រាកដថា ខ្លួនមិនមានផ្ទុកជម្ងឺកូវីដ១៩ និងដើម្បីកុំអោយឆ្លងជម្ងឺនេះទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជម្ងឺនេះ។ ដោយឡែក អ្នកដែលមានអាការៈគួរអោយសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជម្ងឺកូវីដ១៩ ត្រូវប្រញ៉ាប់រាយការណ៌ទៅមន្រ្តីសុខាភិបាល តាមរយៈទូរសព្ទ័លេខ១១៥ ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីអោយក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាល អោយទាន់ពេលវេលា។ ក្រៅពីនេះ ក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ គោរពតាមសារចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ១៩ផងដែរ។

      គូរបញ្ជាក់ផងដែរ តាមរបាយការណ៍របស់គណៈកម្មាធិការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ១៩ ខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃ២៥ទីមិនា ឆ្នាំ២០២០នេះ ខេត្តក្រចេះ មានពលករចំណាកស្រុក បានវិលត្រឡប់មកវិញសរុបចំនួនមានចំនួន ១០៤ នាក់ស្រី ៤៤នាក់ ក្នុងនោះមកពី ប្រទេសថៃមាន៩៣នាក់/៤៥នាក់, ប្រទេសកូរ៉េ ៣ន/១ន, ប្រទេសចិន ១ន/0ន, ប្រទេសម៉ាឡេស៊ី ៦ន/0ន, ប្រទេសឥណ្ឌូណេស៊ី ១ន/0ន ចំពោះការធ្វើសំណាក់ករណីអ្នកសង្សយ័ មកដល់ពេលនេះ បានចំនូន ១៦ ន /៥ ន លទ្ឋផល អវិជ្ជមាន ក្នុងនោះ (ខ្មែរឥស្លាម ៨ ន/ ៣ន មកពីម៉ាឡេ, ខ្មែរ ២ន/១នមកពីជប៉ុន ១ន/១ន, មកពីឥណ្ឌូនេស៊ី ១ ន/0 ន, មកពីហ្វីលីពិន ១ ន/ 0 ន , មកពីកូរ៉េ ២ ន/ ១ន, មកពីអូស្រ្តាលី ២ន/0នប៉ុន្តែរហូតមកដល់ពេលនេះ ពលករអស់នេះ គេនៅមិនទាន់រកឃើញមាននរណាម្នាក់ មានអាការៈសង្ស័យ ឬមានផ្ទុកជម្ងឺកូវីដ១៩នៅឡើយទេ។ ដោយឡេកអំពីការសង្ស័យ ជនជាតិឥស្លាម ១នាក់ មន្ទីរសុខាភិបាល កំពុងតាមដាន (ពេទ្យបង្អែកស្រុកស្នួល ) មានអាការៈធូរស្រាលឡើងវិញហើយ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ