អាជ្ញាធរខេត្តប៉ៃលិន បន្តយុទ្ធនាការផ្សព្វផ្សាយការពារជំងឺ COVID-19
March 25, 2020

      ប៉ៃលិន៖ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់វិធានការឲ្យអាជ្ញាធរ ក្រុង ស្រុក ភូមិ ឃុំ បន្តយុទ្ធនាការចុះផ្សព្វផ្សាយតាមមូលដ្ឋាន ចាប់ពីប្រជុំជន រហូតដល់ជនបទ ដើម្បីត្រៀមបង្ការការពារជំងឺ COVID-19 ស្របពេលដែលពិភពលោក មានអ្នកកើតជំងឺ និងស្លាប់ ដោយសារវីរុសនេះរាប់ម៉ឺននាក់។

      ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ ៩៣ករណី ក៍ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេល២-៣ថ្ងៃមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៍ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវយុទ្ធនាការឲ្យមន្រ្តីជំនាញពាក់ពន្ធទាំងអស់ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ជំងឺ COVID-19នេះ ទាំងអស់គ្នា។

      យោងតាមខ្លឹមសារ នៃយុទ្ធនាការផ្សព្វផ្សាយនេះ បានណែនាំឲ្យប្រជាពលរដ្ឋដែលជាពលករ ទើបវិលត្រឡប់មកដល់ផ្ទះវិញ ត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃសិន ដើម្បីឲ្យប្រាកដថា ខ្លួនមិនមានផ្ទុកជំងឺCOVID-19 និងដើម្បីកុំឲ្យឆ្លងជំងឺនេះទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជំងឺនេះ។ ដោយឡែក អ្នកដែលមានអាការៈគួរឲ្យសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជំងឺ COVID-19 ត្រូវប្រញ៉ាប់រាយការណ៍ទៅមន្រ្តីសុខាភិបាល តាមរយៈទូរសព្ទលេខ១១៥ ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាល ទាន់ពេលវេលា។ ក្រៅពីនេះ ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ គោរពតាមសារចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19ផងដែរ។

      សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ