អភិបាលខេត្តប៉ៃលិន ជំរុញឱ្យមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យ ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋានឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩
April 07, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ មានប្រសាសន៍ថ្លែងក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់បរយ៉ាខា និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៥៤គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19 នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត បានជំរុញឱ្យមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យ ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋាន ជាពិសេស នៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធ ភាព ខ្ពស់ នូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ សែន ជានាយករដ្ឋមន្ត្រី។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងប្រទេសកម្ពុជា ត្រូវបានរកឃើញមានអ្នកឆ្លងជំងឺនេះជាង ១០០នាក់ ក៍ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយយើងមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៍ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដោយទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ពន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យជំនាញ ត្រូវរួមគ្នា ចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។

      នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានធ្វើការផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ អំពីការធ្វើអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា៖ ត្រូវលាងសម្អាតដៃឱ្យបានជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ត្រូវបរិភោគអាហារដែលចំអិនបានត្រឹមត្រូវ កាត់បន្ថយការចេញក្រៅ និងការជួបជុំគ្នាប្រសិនបើគ្មានការចាំបាច់ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជា៖ ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ចំណែកប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមយើង។

      សូមបញ្ជាក់ថា៖ បន្ទាប់ពីទទួលបាននូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត បានធ្វើផ្សព្វផ្សាយយ៉ាង ទូលំ ទូលាយ នៅតាមសហគម និងតាមខ្នងផ្ទះ អំពីសារអប់រំ របស់ក្រសួងសុខាភិបាល ដើម្បីបំផុសស្មារតីការចូល រួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងប្រភេទថ្មី COVID-19 ព្រមទាំងចុះ ឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19 នៅក្នុងខេត្ត បានចំនួន ២ជំហ៊ានមកហើយ ដោយជំហ៊ានទី១ មាន ចំនួន ២៤៧គ្រួសារ និងជំហ៊ានទី២ ចំនួន ៣០៤គ្រួសារ សរុបទាំងអស់ ចំនួន ៥៥១គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ