នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីពិធីចែកសម្ភារមុង ភួយ ខ្នើយ និងគ្រែដែកចល័ត ជូនដល់ក្រុង ស្រុកទាំង០៨ សម្រាប់ត្រៀមទទួលពិនិត្យ សម្រាក និងដាក់ដោយឡែកចំពោះប្រជាពលរដ្ឋដែលសង្ស័យថាមានឆ្លងវីរុសកូវីដ១៩ នៅតាមបណ្តាក្រុង ស្រុកទាំងអស់ទូទាំងខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត អភិបាលស្រុកទាំងអស់ នៅសាលាខេត្តព្រះវិហារ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកដែលមកទទួលនាពេលនេះ ត្រូវបន្តពង្រឹងការងារគ្រប់គ្រងប្រជាពលរដ្ឋ ការចំណាក និងចំណូលស្រុក ឲ្យបានច្បាស់លាស់ ជាពិសេសបន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ស្នាក់នៅផ្ទះក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ និងការអនាម័យខ្លួន ការលាងដៃនឹងអាកុល ឬជែល សាប៊ូ ឲ្យបានញឹកញាប់ ចៀសវាង ការប្រមូលផ្តុំមនុស្ស ដែលងាយបង្ក ឆ្លងនូវវីរុសកូវីដ១៩ នៅមូលដ្ឋានក្រុង ស្រុកខ្លួន និងជាពិសេសត្រូវរាយការណ៍ជាប្រចាំនូវបញ្ហាឬមានករណីសង្ស័យថាឆ្លងវីរុសកូវីដ១៩ មករដ្ឋបាលខេត្ត ឬមន្ទីរសុខាភិបាលខេត្តដើម្បីងាយគ្របគ្រង និងចាត់វិធានការបន្ទាន់។
សូមបញ្ជាក់ថាសម្ភារផ្តល់ជូនក្រុង ស្រុកនាពេលនេះក្នុងស្រុកនីមួយៗទទួលបាន: មុងចំនួន១០ ភួយចំនួន១០ ខ្នើយចំនួន១០ គ្រែដែកបត់ចំនួន១០ ព្រមទាំងថវិកាចំនួន៥០០,០០០រៀលផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ