logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៤៦០គ្រួសារ នៅស្រុកកោះសូទិន
88
14-May-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត អាជ្ញាធរស្រុកកោះសូទិន និងគណៈអុីម៊ាំស្រុក បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ខែបួសរ៉ម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៤៦០ គ្រួសារ នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្វីត្បិតតែ មកដល់បច្ចុប្បន្ននេះ ស្ថានភាព នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅកម្ពុជាមានសភាពថមថយបន្តិច និងដោយឡែក នៅក្នុងខេត្តកំពង់ចាម អ្នកជម្ងឺ ចំនួន១៦នាក់ បានជាសះស្បើយ អស់ហើយក្ដី ក៏យើងនៅតែព្រួយបារម្មណ៍ ចំពោះការផ្ទុះឡើងនៃជម្ងឺកូវីដ១៩ ក្នុងរលកទី២ ខណៈដែលជម្ងឺនេះ កំពុងបន្តគម្រាមកំហែងសាជាថ្មី នៅក្នុងប្រទេសមួយចំនួន ក្នុងពិភពលោក។ 

      ក្នុងនាមប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ និងក្នុងខេត្តកំពង់ចាមទាំមូល ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាអង្កការសុខភាពពិភពលោក និងបន្តយកចិត្តថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ លាងសម្អាតដៃ ជាប់ជាប្រចាំ និងចេះប្រើប្រាស់ម៉ាស់ ឬក្រម៉ា នៅពេលក្អក ឬកណ្តាស់ និងកាត់បន្ថយការជួបជុំនិងការធ្វើដំណើរទៅតំបន់ផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្ដមស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ១៩ តាមរយៈ ឧគ្ឃោសនស័ព្ទចល័ត តាមទីប្រជុំជនក្នុង ក្រុង-ស្រុក និងអចល័ត នៅតាមសាលាឃុំ-សង្កាត់ ទីវត្តអារាម វិហារសាសនា និងមានផ្សព្វផ្សាយ តាមខ្នងផ្ទះ តាមទីសាធារណៈនានា។

      ឯកឧត្តម បានចែកអំណោយខែបួសរ៉ម៉ាឌនជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន៤៦០ គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម ស្ករស០២គីឡូ ទឹកដោះគោ២កំប៉ុង ប្រេងឆា ១លីត្រ ទឹកសេរ៉ូ ១ដប៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ