រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំពិភាក្សាការងារស្តីពីការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩
May 23, 2020 អ្នកទស្សនា :

      នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំពិភាក្សាការងារស្តីពីការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ។

      កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងផែនការ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

      ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជូនដល់គ្រួសារក្រីក្រ ដោយបានចាត់ឱ្យក្រសួងផែនការ ចុះស្រង់បច្ចុប្បន្នភាពគ្រួសារក្រីក្រនៅទូទាំងប្រទេសកម្ពុជា ដើម្បីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ គឺអនុវត្តនៅតាមរាជធានី/ខេត្ត ដើម្បីធ្វើការចុះស្រង់ស្ថិតិគ្រួសារក្រីក្រឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងមានការសាទរពីប្រជាពលរដ្ឋ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

      ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត នឹងជំរុញបន្ថែមការងារនេះ ដល់អាជ្ញាធរ ក្រុង ស្រុក ធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ដើម្បីចុះស្រង់ស្ថិតិជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នឹងជំងឺកូវីដ១៩ ឱ្យបានលឿន និងមានប្រសិទ្ធភាព មានតម្លាភាព ទៅតាមការកំណត់​ និងទាន់ពេលវេលា។

      សូមជម្រាបជូនថា ជំនួបពិភាក្សានេះជាការងារបន្ទាន់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងរង់ចាំទិន្នន័យ សម្រាប់កិច្ចអន្តរាគមន៍ផ្តល់សាច់ប្រាក់ជូនប្រជាជនក្រីក្រ និងប្រជាជនរងគ្រោះដោយសារកូវីដ-១៩ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេច តេជោនាយករដ្ឋមន្រ្តី កាលពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ