អភិបាលខេត្តកំពង់ធំ នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ
June 01, 2020 អ្នកទស្សនា :

     កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ចំនួន ៦១គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំដំរីស្លាប់ និងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

      មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋមានជីវិភាពជួបការលំបាកទាំងអស់ក្នុងស្រុកកំពង់ស្វាយ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ដែលជានិច្ចជាកាល សម្ដេចទាំងទ្វេតែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានកបាទក្រហមជានិច្ច»។

      ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យបន្តថែទាំរក្សាសុខភាព ដោយអនុវត្តតាម វិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ១៩ ថ្វីដ្បិតតែជំងឺឆ្លងនេះ ក្នុងប្រទេសកម្ពុជាយើង បានថមថយ យ៉ាងណាក៏ដោយ ដរាប ណាមិនទាន់មានថ្នាំវ៉ាក់សាំងការពារគ្រប់គ្រាន់ទេនោះ សូមបងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេចអំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគកូវីដ១៩ កុំអោយមានឆ្លងនៅក្នុងសហគមន៍របស់យើង ហើយនៅតែបន្តការប្រុង ប្រយ័ត្នជាប់ជានិច្ច ។ ជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង នៅពេលក្អក ឬកណ្ដាស ហើយត្រូវរក្សាគម្លាតពីគ្នាជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩ នេះ។ ដោយឡែកសម្រាប់នៅតាមភោជនីយ៍ដ្ឋានយើងក៍បានធ្វើការណែនាំពីអនាម័យតាមរយៈការដាក់សាប៊ូឬអាកុលឲ្យភ្ញៀវលាងដៃមុននិងចូលភោជនីយ៍ដ្ឋានផងដែរ។

      ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់សង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។ 

      សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក ចំនួន ៦១គ្រួសារ ក្នុង១គ្រួសារ ៗ ទទួលបានអង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ មី ១កេស នសាប៊ូ ១ដុំ និងច្រាសដុសចំនួន ១៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ