ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នងកិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលស្តីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងកំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩
June 01, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នងកិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាល ស្តីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងកំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង។

      កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមទេសរដ្ឋមន្ត្រី ឯកឧត្ដម លោកជំទាវរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

      ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានរាយការណ៍ជូនអង្គប្រជុំពាក់ព័ន្ធនឹងដំណើរការ និងលទ្ធផល នៃការអនុវត្តការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងកំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ដែលរដ្ឋបាលខេត្ត បានចាត់ចែងអនុវត្តកន្លងមកស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងផែនការ ដោយគិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានបញ្ចប់រួចហើយនូវជំហានទី១ នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតាមតំបន់ជនបទ និងកំពុងបន្តអនុវត្តជំហានបន្ទាប់ និងនៅតាមតំបន់ទីប្រជុំជន ដែលចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះតទៅ ។

      មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងថា កិច្ចប្រជុំនេះរៀបចំឡើងស្របតាមសេចក្តីណែនាំលេខ១៧ ស.ជ.ណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងគោលបំណង ដើម្បីរួមគ្នាពិនិត្យ ដាក់ចេញនូវមធ្យោបាយ ដំណោះស្រាយ និងវិធានការគន្លឹះនានាគាំទ្រដល់ដំណើរការ នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តស្វាយរៀង ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩ ឲ្យប្រព្រឹត្តទៅបានសុក្រឹត្យ ត្រឹមត្រូវ សម្រាប់ជាមូលដ្ឋានប្រើប្រាស់ក្នុងការអនុវត្តគោលការណ៍ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលរាជរដ្ឋាភិបាលបានសម្រេចនាពេលកន្លងមក។ ជាមួយនេះ លោកជំទាវ ក៏បានថ្លែងនូវការកោតសសើរចំពោះឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គ្រប់អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានបំពេញការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមក។

      ជាចុងបញ្ចប់ លោកជំទាវ ក៏បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារមួយចំនួនដូចខាងក្រោម ៖
១-ប្រធានក្រុមការងារចុះតាមក្រុង ស្រុក និងមន្រ្តីជំនាញទាំងអស់ ត្រូវជំរុញអនុវត្តឲ្យបានតាមសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល តាមរយៈការចុះសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ដើម្បីធានាឱ្យលទ្ធផលទទួលបានដូចការគ្រោងទុកតាមកាលបរិច្ឆេទដែលបានកំណត់ រក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតីពីប្រជាជនក្នុងមូលដ្ឋាននីមួយៗ នៅពេលដែលអាជ្ញាធរ ឃុំ សង្កាត់ បានសម្រេចជ្រើសរើសបញ្ចូលទៅក្នុងគ្រួសារក្រីក្រ និងទទួលបាននូវប័ណ្ណសមធម៌សម្រាប់ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដោយគ្មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។

២.ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២ និងត្រូវបញ្ជាក់ឡើងវិញឲ្យបានច្បាស់លាស់ ពិសេសអ្នកបានទទួលបណ្ណសមធម៌ និងអ្នកមិនទាន់បានទទួលបណ្ណសមធម៌ ដើម្បីបំពេញបន្ថែមទិន្នន័យថ្មីនេះ។

៣.ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំ សតិអារម្មណ៍ ចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជៀសវាងការចោទប្រកាន់បក្សពួក។ ពិសេស ក្រុង ស្រុកទាំងអស់ត្រូវដឹកនាំផ្សព្វផ្សាយ និងចៀសវាងឲ្យបាននូវបុគ្គលដែលទទួលបានការបណ្តុះបណ្តាល តែអ្នកអនុវត្តជាបុគ្គលផ្សេង ដែលជាហេតុធ្វើឲ្យការងារដំណើរការមិនបានល្អ។

៤. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អប់រំប្រជាពលរដ្ឋ ក្នុងការបង្កើនការផលិតកម្មផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ជាពិសេស ត្រូវផ្តោតលើបន្លែដែលពុំប្រើប្រាស់ជីគីមី។

៥. អាជ្ញាធរពាក់ព័ន្ធគ្រប់មូលដ្ឋានត្រូវពង្រឹងឲ្យបានប្រសិទ្ធភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលបាននឹងកំពុងអនុវត្តពេលបច្ចុប្បន្ន៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ