logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែ និងផ្សព្វផ្សាយផែនការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលកូវីដ១៩
167
03-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានបើកប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ និងឯកឧត្ដម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជាអនុប្រធានក្រុមការងារ ដោយមានការអញ្ជើញ​ចូលរួមពីឯកឧត្តមលោកជំទាវប្រធាន អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក, ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត, អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានអង្គភាព​មួយចំនួន សរុប​ចំនួន ៤៨នាក់។

      គោលបំណងនៃកិច្ចប្រជុំគឺ​ដើម្បី​បូកសរុបលទ្ធផលការងាររយៈពេល ៣ខែ(ខែមីនា ដល់ខែឧសភា ឆ្នាំ២០២០) និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ១៧ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេល​នៃ​ការ​រីករាលដាលជំងឺកូវីដ-១៩ ដើម្បីរៀបចំគម្រោង និងវិធានការ អន្តរាគមន៍ដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ជីវភាពរស់នៅដោយសារជំងឺកូវីដ-១៩ ព្រោះជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៃការគាំពារសង្គមដ៏មានប្រសិទ្ធភាព ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ។

      ឯកឧត្ដមបណ្ឌិតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានជម្រុញឲ្យក្រុមការងារ ដោយ​មានកិច្ច​សហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន បន្តពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រ ធ្វើយ៉ាងណាឲ្យគ្រួសារក្រីក្រពិតប្រាកដមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រ ឲ្យ​បាន​ចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។

      អង្គ​ប្រជុំ​ក៏​បាន​ដាក់​ចេញ​នូវ​ទិសដៅការងារ​សំខាន់​ៗ​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​បន្តពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​ការ​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម និង​សម្រាល​ការ​លំបាក​របស់​ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ