logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ នៅស្រុកសេសាន
60
07-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន ២១០គ្រួសារ  ១០ភូមិ មកពីឃុំចំនួន ៣ គឺ ឃុំតាឡាត ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

      មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

      នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

      ទន្ទឹមនឹងនោះឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ក្នុងពិភពលោកយើងនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នៅរដូវវស្សានេះឲ្យបានទាន់ពេលវេលា។

      សូមបញ្ជាក់ផងដែរថាអំណោយកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនដល់បង ប្អូនប្រជាពលរដ្ឋទាំង ២១០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម ត្រីខ១ យួរ មី១ កេះ និងឃីតមួយ(មានមុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ និងអាវយឺត១)។

      បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បាននាំយកធុងទឹកចំណុះ២.០០០លីត្រ ចំនួន៤៥ធុង ដែលបានមកពីក្រុមហ៊ុន Hydro Power Lower SeSan 2 Co., Ltd ផ្តល់ជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ ក្នុងឃុំស្រែគរ ស្រុកសេសាន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ក៏បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារប៉ុស្តិ៍សុខភាពសែនជ័យ និងការសាងសង់មណ្ឌលសុខភាព ឃុំតាឡាត សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងការទទួលយកសេវាថែទាំសុខភាព នៅក្នុងឃុំតាឡាត ផ្ទាល់ និងឃុំមួយចំនួនដែលនៅក្បែរមណ្ឌលសុខភាពនេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ