រដ្ឋបាលខេត្តក្រចេះ ជម្រុញឲ្យពន្លឿនការចុះធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋប្រកបដោយភាពសុក្រិត្យ និងតម្លាភាព
July 06, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង.ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។

      ក្នុងកិច្ចប្រជុំបានផ្តោតទៅលើការធ្វើអត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពួកគាត់កំពុងតែស្វែងរក និងត្រូវការជំនួយ ក្នុងអំឡុងពេលជម្ងឺកូវីដ-១៩ រាលត្បាតជាសកលដោយក្នុងនោះបានជម្រុញដល់មន្ទីរផែនការ និងមន្ទីរពាក់ព័ន្ធ រួមអាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងការចុះត្រួតពិនិត្យជាក់ ស្តែងអំពីស្ថានភាពបងប្អូនគ្រួសារក្រីក្រ ដើម្បីកំណត់ឲ្យច្បាស់ពីអត្តសញ្ញាណ និងដើម្បីងាយស្រួលផ្តល់សាច់ប្រាក់ជូនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះជីវភាពប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន នូវជម្ងឺកូវីដ-19 ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ និងជម្រុញចុះដោះស្រាយឲ្យបានទាន់ពេលវេលា ជៀសវាងបញ្ហាទំនាស់ ការក្លែងបន្លំ និងបានស្នើសុំឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មានសុក្រិត្យត្រឹមត្រូវ ជៀសវាងការក្លែងបន្លំ ដើម្បីផ្តល់ឱកាសដល់បងប្អូនដែលជាជនរងគ្រោះពិតប្រាកដ ដែលកំពុងស្វែងរកជំនួយ។ 

      ម្យ៉ាងវិញទៀត បានជម្រុញដល់មូលដ្ឋាន ត្រូវបន្តចុះពិនិត្យទីទួលសុវត្ថិភាព ដែលជាបញ្ហាប្រឈមមុខ ដើម្បីត្រៀមបង្ការជួយសង្រ្គោះ គ្រោះមហន្តរាយទឹកជំនន់នាពេលខាងមុខនេះ។ 

      ឯកឧត្តមអភិបាលខេត្តបន្តថា ៖ តាមរយៈការដាក់ចេញនូវវិធានការម៉ត់ចត់ និងតឹងរឹងក៏ប៉ុន្តែផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ ហើយតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នេះ នឹងចូលរួមចំណែកជួយសម្រួលជីវភាពប្រជាពលរដ្ឋក្រីក្រនៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ និងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការរក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល។

      បើតាមការបញ្ជាក់ពីលោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្ត ៖ តបតាមអនុក្រិត្យលេខ ៨៨ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ស្តីពីការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលជម្ងឺកូវីដ-១៩ តាមរយៈមន្ទីរផែនការ និងមន្ទីរសង្គមកិច្ច ហើយបើគិតដល់ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០នេះ យើងកំណត់បានអត្តសញ្ញាណគ្រួសារក្រីក្រចំនួន ២១.៤៤០ គ្រួសារ ក្នុងនោះគ្រួសារក្រីក្រដែលនៅមានសុពលភាពនៅឆ្នាំ ២០១៨ មាចំនួន ១៧.២៨២ គ្រួសារ ហើយបច្ចុប្បន្នមានចំនួនសរុប៤.០៨៦ គ្រួសារ ដោយក្នុងនោះស្ថានភាពក្រប្រភេទ(១) មានចំនួន១.៩៧២ ក្រប្រភេទ(២)មានចំនួន២.១១៥ គ្រួសារ ហើយគិតត្រឹមថ្ងៃទី៦ កក្តដា ២០២០នេះ សាច់ប្រាក់ទទួលបានការឧបត្ថម្ភពីមន្ទីរសង្គមកិច្ច បានចំនួន១៧.៨៨២ គ្រួសារ បើធៀបនឹងជាមួយគ្រួសារសរុប គឺមាន ៨៤% ដោយឡែកគ្រួសារដែលមិនទាន់មកធ្វើការផ្ទៀងផ្ទាត់ ៣.៤៥៨ គ្រួសារទៀត ស្មើនិង ១៦% ដែលក្រុមការងារកំពុងតែជម្រុញផ្សព្វផ្សាយណែនាំ។ លោកបន្តថា ៖ ការផ្តល់នូវកម្មវិធីសាច់ប្រាក់នោះដែរ គឺមានភាពសុក្រិត្យនៃការផ្តល់ព័ត៌មានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្រ្តីអនុវត្តន៍បច្ចេកទេសសម្ភាសន៍ ដោយអនុវត្តន៍តាមប្រព័ន្ធTablat ជាអ្នកផ្តល់ និងគណនា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ