អភិបាលខេត្តប៉ៃលិន អំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ត្រូវរួមគ្នាដាំដើមឈើ និងផ្កាចំរុះ តាមដងផ្លូវនិងទីសាធារណៈ ដើម្បីបង្កើតជាគម្របបៃតង និងលើកកម្ពស់សោភ័ណភាពក្នុងទីរួមខេត្ត
July 06, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញដឹកនាំ មន្ត្រីរាជការតាមមន្ទីរស្ថាប័ន អង្គភាព ជុំវិញ និង ព្រះសង្ឃ ធ្វើការដាំដើមផ្កាជើងគោ ចំនួន ២០០ដើម នៅសងខាងផ្លូវបេតុង ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា៖ នៅថ្ងៃអនាគត់ កូនឈើ និងដើមផ្កា រាប់ពាន់ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងទីក្រុង។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

      ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងនៅថ្ងៃនេះ ឯកឧត្តមបានដឹកនាំ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត និងព្រះសង្ឃ ចុះដាំដើមផ្កាជើងគោ នៅសងខាងផ្លូវបេតុងដែលទើបស្ថាបនាថ្មី ក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការ និងព្រះសង្ឃ បង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។

      នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ជំរុញដល់មន្ទីរអង្គភាពជំនាញជុំវិញខេត្តទាំងអស់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការដាំ និងការថែទាំ ទៅតាមគោលដៅរបស់ខ្លួន ដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ