រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១-២០២៣ និងស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាឆ្នាំ២០២១ ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
July 10, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៤សហវ ចុះថ្ងៃទី២៥  ខែមិថុនា ឆ្នាំ២០២០ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១-២០២៣ និងសារាចរណែនាំលេខ ០០៥ សហវ ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា ឆ្នាំ២០២១ ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ក្នុងខេត្តស្វាយរៀង។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអនុប្រធានរតនាគារខេត្ត លោក លោកស្រីអភិបាល  អភិបាលរងក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យហិរញ្ញវត្ថុ នៃរដ្ឋបាលក្រុងស្រុក ស្មៀនឃុំ  សង្កាត់  និងមន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុប ១២០នាក់។

      ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រថវិកាគឺជាមគ្គុទ្ទេសក៍ ហើយក៏ជាបច្ចេកទេសដ៏សំខាន់សម្រាប់ណែនាំដល់រដ្ឋបាលនីមួយៗក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ រយៈពេលបីឆ្នាំរំកិល (២០២១-២០២៣) ដោយផ្សារភ្ជាប់អាទិភាពគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅនឹងគោលដៅតាមវិស័យ និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ព្រមទាំងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលនីមួយៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ថវិកាឲ្យចំគោលដៅ និងបម្រើឲ្យសកម្មភាពអាទិភាពពិតប្រាកដរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

      ផែនការយុទ្ធសាស្ត្រថវិកានឹងក្លាយជាផែនការយុទ្ធសាស្ត្ររួមតាមរយៈការធ្វើសមាហរកម្មផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការតម្រឹមជាមួយនឹងអាទិភាពតាមវិស័យនៃក្រសួងស្ថាប័នថ្នាក់ជាតិ (មន្ទីជំនាញរាជធានី-ខេត្ត) ដើម្បីប្រើប្រាស់ធនធានដែលមានកម្រិតក្នុងការសម្រេចឲ្យបានសមិទ្ធផលជាអតិបរមា។ ដូច្នេះផែនការយុទ្ធសាស្ត្រថវិកាត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់លាស់អំពីការកែទម្រង់ប្រពន្ធ័ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ទៅតាមរចនាសម្ព័ន្ធកម្មវិធី និងគោលនយោបាយដែលនឹងរួមចំណែកសម្រេចអាទិភាពគោលនយោបាយតាមវិស័យរបស់រដ្ឋបាលនីមួយៗ។

      ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ដោយឡែកគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ គឺស្ថិតក្នុងដំណាក់កាលមួយដ៏មានសារៈសំខាន់បំផុតសម្រាប់បញ្រ្ជាបជំរុញ និងពង្រីកការអនុវត្តសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យដល់បណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបោះទីតាំងនៅមូលដ្ឋាន និងជាខ្សែបណ្ដោយថ្នាក់ជាតិ។

      ឯកឧត្តមក៏បានបញ្ជាក់ទៀតថាៈ ការផ្សព្វផ្សាយសារាចរនេះនឹងផ្ដល់ឱកាស និងពេលវេលាគ្រប់គ្រាន់សម្រាប់ឈ្វេងយល់ និងទទួលនូវពុទ្ធិបន្ថែមលើការងារការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្ត និងនីតិវិធីបច្ចេកទេស នៃការៀបចំគម្រោងថវិកាឆ្នាំ២០២១។ ជាពិសេសយើងទទួលបានគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២១ កាន់តែសុក្រឹត្យគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រាកដនិយមផ្សាភ្ជាប់ទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីទទួលបានលទ្ធផលជោគជ័យតាមការរំពឹងទុក៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ