អភិបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនជនងាយរងគ្រោះ នៅស្រុកស្វាយទាប
July 10, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរា ២៣គ្រួសារ ជនពិការ ៣នាក់ ស្ត្រីមេម៉ាយ ១៤គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១៨គ្រួសារ) សរុប ៥៨គ្រួសារ នៅស្រុកស្វាយទាប ក្នុងនោះមកពីឃុំរមាំងថ្កោល ១៥គ្រួសារ ស្វាយរំពារ ១៤គ្រួសារ គគីរសោម ១៥គ្រួសារ និងឃុំព្រៃតាអី ១៤គ្រួសារ។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករងសាខា លោកអភិបាលស្រុកស្វាយទាប លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុកមួយចំនួនទៀត។

      មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

      ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ បងប្អូនត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

      ឯកឧត្តមក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ ១៩ នេះឱ្យសោះ ដោយត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺនេះជាមួយរាជរដ្ឋាភិបាលយើង។

      ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ម្យ៉ាងវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សំខាន់កាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ធ្វើការអប់រំកូនចៅចៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលដំណាំបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។

      អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ទាំង ៥៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង ក្រមា ១ សាប៊ូ ២ដុំ អាវយឺត ២ ម៉ាស់ ១ និងថវិកា ៤០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ