

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌ១ នៅវត្តប្រាសាទរាជាសំរោង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជាង១០០នាក់។
វត្តប្រាសាទរាជាសំរោងមានព្រះសង្ឃទាំងសាមណេរ និងភិក្ខុសរុបចំនួន៣១អង្គ ដែលកំពុងគង់ចាំព្រះវស្សាក្នុងឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នេះ។
ក្នុងពិធីកាន់បិណ្ឌ១នេះ ឯកឧត្ដម បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស ព្រមទាំងបានរៀបចំប្រារព្វពិធីបែបសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួងតាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើនដល់មន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសតាមជួយថែរក្សាប្រទេសជាតិយើងឱ្យមានសុខសន្តិភាពជានិរន្តរ៍តរៀងទៅ៕
ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ






