អភិបាលខេត្តកណ្ដាល ចូលរួមក្នុងពិធីផ្ដល់ជីសរីរាង្គដែលជាអំណោយរបស់ក្រុមហ៊ុនជប៉ុន ជូនដល់សហគមន៍កសិកម្មចំនួន ២១ ទូទាំងខេត្តកណ្ដាល
September 15, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចូលរួមក្នុងពិធីផ្ដល់ជីសារីរាង្គ ដែលជាអំណោយរបស់ក្រុមហ៊ុនជប៉ុន ចំនួន៥២តោន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់សហគមន៍កសិកម្មចំនួន២១ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល ក្នុងនោះស្រុកមុខកំពូល ស្រុកលើកដែក ស្រុកខ្សាច់កណ្ដាល និងស្រុកស្អាង និងសំណេះសំណាលជាមួយ ទីប្រឹក្សាយុវជនកាកបាទក្រហមយុវជនកម្ពុជា៤៣ សាលាគោលដៅ លោកគ្រូ អ្នកគ្រូ និងមន្ត្រីប្រចាំការអនុសាខាទាំង១១ ក្រុង-ស្រុកក្នុងខេត្តកណ្ដាល។ នៅក្នុងពិធីប្រគល់ជីសរីរាង្គនេះដែរ មន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកណ្ដាល បានធ្វើការពន្យល់ និងជម្រាបជូនដល់ បងប្អូនសហគមន៍កសិកម្ម អំពីវិធីប្រើប្រាស់ជីសេរីរាង្គនេះផងដែរ។

      មានប្រសាសន៍ទៅកាន់ បងប្អូនសហគមន៍កសិកម្ម និងលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងមន្ត្រីប្រចាំការអនុសាខាទាំង១១ ក្រុង-ស្រុក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។

      ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា  ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។

      ក្នុងឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ សូមធ្វើដំណើរដោយប្រុងប្រយ័ត្ន ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយការយោគយល់ និងអាជាស្រ័យគ្នាទៅវិញទៅមក ដើម្បីការពារអាយុជីវិតអ្នកដទៃ ក្រុមគ្រួសារ និងខ្លួនឯងទាំងមូលផងដែរ។ ជាងនេះទៅទៀត បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវមានការធ្វេសប្រហែស ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ