ថ្ងៃសៅរិ៍ ១ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តតុសិតារាម ស្ថិតនៅភូមិកោះកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។តមក ឯកឧត្តម ក៏បានបន្តចុះពិនិត្យផ្លូវ ព្រះអង្គគុហ៍ ប្រវែង ៣៩៩៥ ម៉ែត្រ ទទឹង ៦ម៉ែត្រ ត្រង់ផ្លូវ ព្រែកសង្កែលិច ទៅ រមណីដ្ឋានព្រះអង្គគុហ៍ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ និងបានចុះពិនិត្យ ផ្លូវលេខ ២៧៧ ប្រវែង៣៩គីឡូ ៨០០ម៉ែត្រ ស្ថិតនៅ ឃុំសូភាស ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ រហូតដល់ឃុំហាន់ជ័យ ឃុំស្រក ស្រុកកំពង់សៀម ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានចុះពិនិត្យទីតាំងសំរាប់រៀបចំពិធី សម្ពោធសមិទ្ធិផលនានាក្នុងវត្តពោធិ៍មង្គល (ទួលព្រះឃ្លាំង) ស្ថិតនៅក្នុង ឃុំសូភាស ក្រោមអធិបតីភាប ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមពីលើការពិនិត្យទីតាំងនោះ ឯកឧត្តម បានប្រគេនបច្ច័យ ១លានរៀលដល់វត្ត ពោធិ៍មង្គល (ទួលព្រះឃ្លាំង) និងជូនតាៗចំនួន ២០នាក់ ក្នុងម្នាក់ ១០០០០រៀល។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហេតុនេះការជួសជុលផ្លូវ និងកែប្រែផ្លូវពីលំទៅផ្លូវកៅស៊ូជាកត្តាសំខាន់បំផុតសម្រាប់ផ្តល់ជូនប្រជាជនក្នុងតំបន់ដែលកំពុងប្រើប្រាស់ផ្លូវទាំងនោះ ឯកឧត្តម បានសង្កត់ធ្ងន់អោយមន្រ្តីជំនាញតាមដានលើផ្លូវដែលបានលើកគម្រោងសម្រាប់ជួសជុល រឺធ្វើផ្លូវកៅស៊ូត្រូវបន្តតាមដាន និងសិក្សាបន្ថែមទៀតសម្រាប់លើកផែនការនាឆ្នាំបន្តបន្ទាប់។
ប្រភពព័ត៌មាន: រដ្ឋបាលចខេត្តកំពង់ចាម (ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨)