អភិបាលខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនពី សាលាអនុគណស្រុកខ្សាច់កណ្ដាល ប្រគល់ជូនកាកបាទក្រហមកម្ពុជាខេត្ត
September 28, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ ដោយទឹកព្រះទ័យជ្រះថ្លា និងដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗក្នុងខេត្តកណ្តាល សាលាអនុគណស្រុកខ្សាច់កណ្ដាល បានប្រគល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជគណៈថ្នាក់ទោ ព្រះវិន័យ័ធម្មមេគណខេត្តកណ្ដាល និងជាអនុគណស្រុកខ្សាច់កណ្ដាល នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលពិធីនេះប្ររព្ធធ្វើនៅវត្តស្វាយជ្រំ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

      មានសង្ឃដីកាក្នុងឱកាសនោះ ព្រះឃោសធម្ម លន់ សុគន្ធា បានលើកឡើងថា ការនាំយកអំណោយមនុស្សធម៌មកផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ គឺដើម្បីជួយទ្រទ្រង់ និងគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតជាប្រធាន ក្នុងការងារមនុស្សធម៌ ជួយដល់ជនដែលមានជីវភាពខ្វះខាត ជួបការលំបាក ពិសេសសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

      ព្រះឃោសធម្ម បានមានសង្ឃដីកាបន្តថា សាលាអនុគណស្រុកខ្សាច់កណ្ដាល តែងតែខិតខំកៀងគររកការចូលរួមពីសប្បុរសជននានាដើម្បីយកអំណោយជាសម្ភារៈ ថវិកាជួយដល់សាខាកាកបាទក្រហមកម្ពុជាជារើយៗ មិនតែប៉ុណ្ណោះថែមទាំងបានជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាកក្នុងបញ្ហាផ្សេងៗដោយផ្ទាល់ផងដែរ។

      ថ្លៃងក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្ដែងនូវសេចក្ដីរីករាយ និងថ្លែងអំណរព្រះគុណ ចំពោះទឹកព្រះទ័យទុកដាក់ របស់ព្រះឃោសធម្ម លន់ សុគន្ធា និងសហការីទាំងអស់ ដែលបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត។

      ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពទាំងអស់នេះ គឺជាវប្បធម៌ នៃការចែករំលែក ដែលបានចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ បានទាន់ពេលវេលា។

      ឯកឧត្តមបានសន្យាថានឹងរក្សាទុកដាក់អំណោយទាំងនេះឱ្យបានល្អ សម្រាប់យកទៅប្រគល់អោយដល់ដៃជនរងគ្រោះ ដែលកំពុងរង់ចាំជំនួយពីយើងទាំងអស់គ្នាផងដែរ។

      សូមបញ្ជាក់ថា អំណោយជាដែលសាលាអនុគណស្រុកខ្សាច់កណ្ដាលប្រគល់ជូនមាន អង្ករ៤១បាវ ស្មើនឹង ២,០៥០ គីឡូក្រាម មី៨២កេស, ទឹកត្រី៤១យួរ, ទឹក ស៊ីអុីវ៤១យួរ, ទឹកផ្លែឈើ៨២កេស និងថវិកាចំនួន ៨,២០០,០០០ រៀល ផង៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ