អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅស្រុកព្រៃនប់
October 22, 2020 អ្នកទស្សនា :

      រសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីផងដែរ។

      លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងប័ណ្ណកម្មសិទ្ធិនេះជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លីកើតឡើង ។ ទំនាស់ដីធ្លីត្រូវបានកាត់បន្ថយតាមរយៈប័ណ្ណកម្មសិទ្ធិនេះ ដែលជាសំអាងសំរាប់ដាក់បញ្ចាំ ឬដាក់ធានានឹងដាក់ហ៊ីប៉ូតែក។

      លោក សំ សុមនោ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សុរិយោដី និងសំណង់ បានឱ្យដឹងថាលទ្ធផលដែលគណៈកម្មការរដ្ឋបាលដីធ្លីបានលើកសំណើផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) សរុប ៩៩៨ នៃចំនួនក្បាលដីសរុបចំនួន ១,០៣៨ក្បាលដី នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបានថ្លែងការកោតសរសើរដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សុរិយោដី និងសំណង់ អាជ្ញាធរស្រុក ឃុំ ដែលបានសហការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងឈានដល់ការចែកប័ណ្ណនាពេលនេះ។ យើងបានធ្វើការជួបជុំគ្នា៣ដងលើចំណុចដូចជា៖ ទី១. ប្រកាសតំបន់វិនិច្ឆ័យ, ២. ប្រកាសជាសាធារណៈ, ទី៣.ឈានដល់ការជួបជុំចែកប័ណ្ណជូនប្រជាពលរដ្ឋភូមិត្រពាំងគា ឃុំជើងគោចំនួន ៩៩៨ក្បាលដី ។

      ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូចបាត់ជាផលប្រយោជន៍ ក្នុងការប្រើប្រាស់តាមការជាក់ស្តែងដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង។ ការខិតខំបំពេញការងាររបស់យើងនាពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាការកាន់កាប់ស្របច្បាប់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ