logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងគ្រោងរៀបចំ សហគមន៍ទេសចរណ៍ធម្មជាតិ នៅតំបន់សំខាន់ៗមួយចំនួន ក្នុងឃុំអូរសោម
113
01-January-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងគ្រោងរៀបចំ សហគមន៍ទេសចរណ៍ធម្មជាតិ នៅតំបន់សំខាន់ៗមួយចំនួន ក្នុងឃុំអូរសោម ស្រុកវាលវែង ដែលទីតាំងទាំងអស់នោះ អាចនឹងលើកកម្ពស់កំណើនជីវភាពប្រជាសហគមន៍ ក៏ដូចជាកាត់បន្ថយការធ្វើចំណាកស្រុក និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងឱ្យដឹងដែរថា ប្រសិនជាយើងបង្កើតឱ្យមានតំបន់ទេសចរណ៍ គឺយើងអាចបំផុសឱ្យប្រជាសហគមន៍ចូលរួមការពារព្រៃឈើ មិនឱ្យមានការកាប់បំផ្លាញធ្វើជាកម្មសិទ្ធិ និងធ្វើឱ្យតំបន់នោះ មានរុក្ខជាតិស្រស់បំព្រង ជាហេតុធ្វើឱ្យមានការទាក់ទាញ ដល់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត តំបន់ទេសចរណ៍បែបអេកូទេសចរណ៍ កាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននេះ ផ្លូវជាតិលេខ១០ ដែលជាចំណងដៃដ៏អមតៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងផ្តល់ផ្លែផ្កា ជូនប្រជាពលរដ្ឋក្នុងឃុំអូរសោម តាមរយៈផ្លូវដែលតភ្ជាប់ពីចំណុចអក្សរT ក្នុងស្រុកសំឡូត ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ទើបឆ្ពោះទៅដល់ខេត្តកោះកុង។

ឯកឧត្តមបានរំពឹងទុកថា ប្រសិនជាបងប្អូនយើង មិនចូលរួមការពារថែរក្សាព្រៃធម្មជាតិ ដែលជាមរតកដូនតានៅតំបន់អេកូទេសចរណ៍សំខាន់ៗមួយចំនួនទេនោះ បងប្អូនមានតែខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ រហូតដល់កូនចៅយើងជំនាន់ក្រោយៗទៀត។ វាប្រាកដណាស់ថា តំបន់អូរសោម គឺពិតជាមានសក្តានុពលខ្ពស់ ព្រោះថាទីតាំងនេះមានអាកាសធាតុត្រជាក់ មានជ្រលងភ្នំបុព្វតា មានព្រៃឈើ និងមានទឹកធ្លាក់ ក៏ដូចជាមានផ្ទៃសមុទ្រទឹកសាប ដែលអាចទាញយកថាមពលអគ្គិសនីបាន ហើយបើប្រៀបធៀបនឹងផ្ទៃប្រទេសទាំងមូល ប្រហែលជាមិនអាចប្រៀបស្នើនោះទេ។ ដូច្នេះហើយ ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរម្នាក់ សូមចូលរួមថែរក្សាព្រៃធម្មជាតិ ក៏ដូចជាចូលរួមសហការអភិរក្ស បង្ការ និងទប់ស្តាត់ ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង ដើម្បីបានផ្តល់ជាអត្ថប្រយោជន៍ជូនប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងឃុំអូរសោមនេះផ្ទាល់តែម្តង។

ក្នុងបេសកកម្មរយៈពេលកន្លងមកនេះ ឯកឧត្តម ម៉ៅ ធនិន បានចាប់អារម្មណ៍ខ្ពស់ ចំពោះទីតាំងទឹកធ្លាក់ធម្មជាតិឆាយរកា, ចំណុចបឹងស្លា, វាលតារាងយន្តហោះ ជាប់នឹងបឹងក្រពើភ្នំ, ក្បាលអូរសោម និងតំបន់មួយចំនួនជាប់នឹងផ្ទៃទឹកបាតអាងវ៉ារីអគ្គិសនី៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ