logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងកោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការធ្វើឱ្យបេសកកម្មការទូត៤ឆ្នាំ ទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងធំធេង
38
23-June-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកជំទាវ Eva NGUYEN BINH បានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយស្ថានទូតបារាំងបានយ៉ាងល្អ ដែលធ្វើឱ្យការងារក្នុងបេសកកម្មរបស់លោកជំទាវ រយៈពេល៤ឆ្នាំនេះទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងធំធេង។

ការលើកឡើងរបស់លោកជំទាវ Eva NGUYEN BINH បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈដែលលោកជំទាវ ចូលជួបសម្តែងការគួរសម និងជំរាបលា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់អាណត្តិការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបសម្តែងការគួរសម និងជំរាបលា ឯកឧត្តម ឃួង ស្រេង នោះ លោកជំទាវ Eva NGUYEN BINH ក៏បានសម្ដែងការកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបានរីករាលដាលពេញពិភពលោក ហើយរាជធានីភ្នំពេញក៏បានរីករាលដាលជម្ងឺនេះផងដែរនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នេះបានយ៉ាងល្អប្រសើរ។

លោកជំទាវបញ្ជាក់ទៀតថា ៖ ខ្ញុំពិតជាមានភ័ព្វសំណាង ដែលបានស្នាក់នៅបំពេញការងារការទូតនៅប្រទេសកម្ពុជា ស្របពេលដែលនៅលើពិភពលោក មានការរីករាលដាលជំងឺកូវី-១៩ ហើយប្រទេសកម្ពុជាមានការរីករាលដាលជម្ងឺនេះមានកម្រិតតិចតួច។

លោកជំទាវ Eva NGUYEN BINH បានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានការលំបាកខ្លាំងណាស់ ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងតស៊ូជាមួយនឹងការទប់ស្កាត់និងជំងឺកូវី-១៩នេះបានយ៉ាងល្អ។

ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ៖ ប្រទេសបារាំង និងប្រទេសកម្ពុជា បានមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរមកហើយ ហើយទំនាក់ទំនងនេះ កាន់តែរឹងមាំ និងកាន់តែល្អប្រសើរ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ៖ ក្នុងបេសកកម្ម បំពេញការងាររបស់លោកជំទាវនៅកម្ពុជា រយៈពេល៤ឆ្នាំនេះ លោកជំទាវ Eva NGUYEN BINH បានបំពេញបេសកកម្មការទូតបានយ៉ាងល្អ និងទទួលជោគជ័យ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានសម្ដែងនូវការសោកស្តាយផងដែរ ដែលឯកឧត្តមមិនបានជួបជជែកនិងហូបបាយសាមគ្គីជាមួយនឹងលោកជំទាវអគ្គរដ្ឋទូតបារាំង មុនបញ្ចប់អាណត្តិ ដោយសារតែការរាតត្បាតជំងឺ កូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជួបគ្នា ចាប់ដៃគ្នាបំពេញការងារ នៅថ្ងៃខាងមុខទៀត ខណៈដែលលោកជំទាវនឹងក្លាយជាប្រធានវិទ្យាស្ថានបារាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ