អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា
June 23, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អ្វីជាការប្ដេជ្ញាចិត្ត នៃការចាក់វ៉ាក់សាំងនេះ គឺដើម្បីបង្កើនភាពស៊ាំដល់រាងកាយរបស់ប្រជាពលរដ្ឋយើង ឱ្យមានសុខភាពមាំមួន។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ដំណើរការចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុ ទោះបីមានខ្យល់ ភ្លៀងធ្លាក់ខ្លាំងក៏ដោយ ទីតាំងដែលយើងជ្រើសរើសការចាក់វ៉ាក់សាំងនេះ មានសំណង់រឹងមាំធានាបានសុវត្ថិភាពសម្រាប់ក្រុមគ្រូពេទ្យ ក៏ដូចប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ស្របតាមស្ថានភាពអាកាសធាតុ ពិសេសអ្នកដែលចាក់វ៉ាក់សាំងហើយមិនឱ្យត្រូវទឹក យើងឱ្យពួកគាត់ស្នាក់នៅកន្លែងសុវត្ថិភាព ក្រោយរាំងភ្លៀងទើបឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥតសារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ ជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង មានប្រសាសន៍ថា ថ្ងៃទីមួយនៃការបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ខេត្តទាំង០៤ កងយោធពលខេមរៈភូមិន្ទ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៥៨.៣០៩នាក់ ដោយឡែកនៅខេត្តព្រះសីហនុ ចាក់បាន ១៤.១៧៩នាក់ ហើយថ្ងៃទីពីរ លទ្ធផលនឹងកើនឡើង ដោយសារពីម្សិលមិញប្រជាពលរដ្ឋមិនទាន់ដឹង ខ្លះមកយឺត កន្លែងខ្លះធ្វើពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង វាមានការយឺតយ៉ាវតិចតួច ប៉ុន្តែថ្ងៃនេះទទួលបានលទ្ធផលល្អ ពិសេសការសហការជាមួយអាជ្ញាធរគ្រប់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ យើងឃើញថា អាជ្ញាធរជាអ្នកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ប្រជាពលរដ្ឋមកតាមលំដាប់លំដោយតាមចំនួនគ្រូពេទ្យចាក់។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺក្រុមគ្រូពេទ្យពិនិត្យតាមលក្ខណៈបច្ចេកទេសសុខាភិបាល ព្រោះពួកគាត់បានស្ម័គ្រចិត្តមកចាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានអំពាវនាវប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់។ ករណីប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងគ្រប់គ្នា នោះនឹងទទួលបានភាពស៊ាំមួយ ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ