logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យដំណើរការយកសំណាកប្រជាពលរដ្ឋដែលមានពាក់ព័ន្ធករណីវិជ្ជមានកូវីដ១៩ នៅផ្សារមង្គលបូរី
75
07-August-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក លី សារី អភិបាលរងខេត្ត លោក រត្ន័ ដាសុីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងមន្ត្រីពាក់ព័ន្ធ កងកម្លាំង បានអញ្ជើញពិនិត្យមើលដំណើរការយកសំណាកបងប្អូនប្រជាពលរដ្ឋមានការពាក់ព័ន្ធករណីវិជ្ជមានកូវីដ១៩ នៅផ្សារមង្គលបូរី (ហៅផ្សារតាយ៉ាវ) ស្ថិតក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរនៅផ្សារតាយ៉ាវ ដែលត្រូវបានអាជ្ញាធរធ្វើ ការបិទខ្ទប់សូមឱ្យមានការយោគយល់ មានការអត់ធ្មត់ ហើយត្រូវស្តាប់តាមការណែនាំជូន ដំណឹងផ្លូវការរបស់អាជ្ញាធរដែនដី។ ផ្ទុយទៅវិញត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឱ្យបាននូវរោគរាតត្បាតនៃជំងឺកូវីដ១៩នេះ ហើយ ចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នាត្រូវចូលរួមអនុវត្តន៍ឱ្យបាននូវវិធានការ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា នោះទើបជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

អភិបាលស្រុកមង្គលបូរី លោករ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា អាជ្ញាធរបានបិទខ្ទប់ ផ្សារតាយ៉ាវនេះ នៅម៉ោង៥:០០ទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ហើយក្រុមមន្ត្រី សុខាភិបាលបានធ្វើការយកសំណាកធ្វើតេស្តរហ័ស លើអាជីវករលក់ដូរនៅផ្សារនេះ ចំនួន ៣២៦នាក់ ដោយបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៦នាក់ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយសំណាកបានយកចប់សព្វគ្រប់នៅព្រឹកមិញនេះ។

លោកអភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា នៅពេលនេះមន្ត្រីសុខាភិបាល កំពុងតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើសំណាករកមេរោគកូវីដ១៩ នេះឱ្យ បានទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវនេះ ឆ្លងរាលដាល ចូលទៅតំបន់ ផ្សេងៗទៀត។

លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ នៅផ្សារ តាយ៉ាវនេះគឺភាគច្រើនជាអាជីវករលក់ដូរចម្រុះនៅក្នុងផ្សារ ព្រមទាំងបានចម្លងទៅឪពុកម្តាយ ព្រមទាំងទារកម្នាក់ អាយុ៧ខែផងដែរ។

លោកបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋអាជីវករណាដែលពាក់ព័ន្ធសូមមក យកសំណាកជាបន្ទាន់ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ សម្រាប់ប្រជាពលរដ្ឋ អាជីវករ ដែលបានយកសំណាកលើកទី១រួចហើយ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរយៈពេល ១៤ថ្ងៃ មុនទៅយកសំណាកលើកទី២៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ