logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តពោធិ៍សាត់ ៖ ខេត្តពោធិ៍សាត់ ទទួលបានរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ថ្មីមួយបន្ថែមលើសមិទ្ធផលដែលមានក្នុងខេត្ត
62
14-September-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ពោធិ៍សាត់)៖ ពិតជាមហាកិត្តិយសក្រៃលែង! ក្រោមម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូពិសេសថ្មីមួយ សម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្ម បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ជាក់ស្តែង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។

ឆ្លងកាត់កិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ ដោយបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើឱ្យមាតុប្រទេសរបស់យើង មានអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់ ជាពិសេសនិយាយជារួមនិងនិយាយដោយឡែក ខេត្តពោធិ៍សាត់ត្រូវបានទទួល នូវមរតកអមតះជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមទទួលយក ព្រមទាំងចូលរួមទៅតាមលទ្ធភាព ជាមួយនឹងការតម្លើងរោងចក្រនេះ។ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរ ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង និងនិយាយដោយឡែក នៅក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ