ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពកុមារក្នុងការការពារជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងសកល រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ទូទាំងខេត្តឧត្ដរមានជ័យ។
ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត ក៏បាននាំកូនប្រុសពៅរបស់ឯកឧត្ដម ទៅចាក់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ និងបានសម្តែងសេចក្តីសោមនោស្សរីករាយយ៉ាងខ្លាំង ដោយមើលឃើញពុកម៉ែបងប្អូនដែលបានដឹកដៃកូនប្រុសស្រីមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដោយស្នាមញញឹម។
ឯកឧត្ដម បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព៕
ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ