អភិបាលខេត្តពោធិ៍សាត់ ស្នើឱ្យក្រុមការងារអន្តរក្រសួង ជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ដើម្បីងាយស្រួលធ្វើចរាចរណ៍
October 22, 2021 អ្នកទស្សនា :

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានស្នើឱ្យក្រុមការងារគណៈកម្មការអន្តរក្រសួង ពិនិត្យ និងពិភាក្សាជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យងាយស្រួលដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋធ្វើចរាចរណ៍ បើអាចក្នុងដំណាច់ឆ្នាំ២០២១ ឬយ៉ាងយូរដើមឆ្នាំ២០២២ខាងមុខ។

ការស្នើរបស់ឯកឧត្តម ជាវ តាយ បានធ្វើឡើងនៅសាល Video Conferenceខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជុំវិញការដោះស្រាយផលប៉ះពាល់ ការស្ថាបនាស្ថានីយ៍ថ្លឹងយានយន្តលើសទំងន់ នៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល លោកអភិបាលស្រុក និងប្រធានភូមិបាលស្រុកបាកាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារគណៈកម្មការអន្តរក្រសួងមួយចំនួនទៀត។

បន្ទាប់ពីក្រុមការងារអន្តរក្រសួង បានជម្រាបជូនពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈម ចំពោះការយឺតយ៉ាវ ក្នុងការស្ថាបនាផ្លូវជាតិលេខ៥, ការស្ថាបនាផ្លូវវាងក្រុង, ការស្ថាបនាស្ពានអាកាស, ការស្ថាបនាស្ថានីយ៍ថ្លឹងយានយន្តលើសទំងន់ និងទីតាំងសង់រង្វង់មូលថ្មី នៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នោះរួចមក, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ពីគ្រប់ភាគីពាក់ព័ន្ធ ជុំវិញការដោះស្រាយផលប៉ះពាល់ និងការខិតខំសម្របសម្រួលជាមួយប្រជាពលរដ្ឋ ឱ្យចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល មកលើគម្រោងខាងលើ រហូតទទួលបានជោគជ័យគួរជាទីមោទន។

ឯកឧត្តមបន្តថា ផ្លូវមួយចំនួន នៃគម្រោងខាងលើនេះ យើងបានស្ថាបនារួចខ្លះហើយដែរ ហើយមួយចំនួនទៀតក៏មានការលំបាក ជាក់ស្តែងដូចនៅព្រំប្រទល់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺមានលំបាកពិតប្រាកដ ដែលធ្វើឱ្យរថយន្តតូចធំគ្រប់ប្រភេទពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។ ជាការពិតណាស់ថា រដូវវស្សាពិបាកក្នុងការស្ថាបនា តែការយឺតយ៉ាវនេះ អាចមកពីក្រុមហ៊ុនខ្វះខាតធនធានមនុស្ស ឬខ្វះខាតគ្រឿងចក្រ? ត្រង់ចំណុចនេះសូមឱ្យក្រុមហ៊ុន និងក្រុមការងារអន្តរក្រសួង ជួយបន្ថែមគ្រឿងចក្រ និងជម្រុញពន្លឿនការស្ថាបនាគម្រោងនេះ ឱ្យបានឆាប់រហ័ស ឬអាចធ្វើដំណើរបានក្នុងគន្លងណាមួយក៏បាន នៅដំណាច់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដើម្បីឱ្យងាយស្រួលដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋធ្វើចរាចរណ៍បាន មុនពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។ ជុំវិញការស្ថាបនារង្វង់មូលផ្លូវវាងក្រុង យើងត្រូវពិនិត្យ និងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ដើម្បីជាសោភណ្ឌភាព និងភាពទាក់ទាញ ជៀសវាងស្ថាបនាហើយ រថយន្តធ្វើដំណើរទៅផុត ដែលនាំឱ្យខាតបង់នូវសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋយើង។ ហើយទីតាំងស្ថាបនាស្ថានីយ៍ថ្លឹងយានយន្តលើសទំងន់នោះទៀតសោធ អនុគណៈកម្មការខេត្ត ដែលដឹកនាំដោយលោក ខូយ រីដា ត្រូវសហការជាមួយក្រុមការងារអន្តរក្រសួង ធ្វើយ៉ាងណាកំណត់សម្រេចឱ្យបានជាលទ្ធផលផ្លែផ្កា។ ឯកឧត្តមក៏សូមឱ្យបន្តភារកិច្ច នៃការអនុវត្តន៍នេះឱ្យបានក្លាំងក្លាបន្ថែមទៀត ហើយយើងនឹងជម្រុញទាំងអស់គ្នា ដើម្បីឱ្យគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៥នេះ ឈានដល់កម្រិតមួយដ៏ល្អ អាចស្រូបយកភ្ញៀវទេសចរណ៍ និងបង្កើនសេដ្ឋកិច្ចសម្រាប់ខេត្តយើង។

សូមបញ្ជាក់ថា គម្រោងកែលម្អផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ លើផ្លូវចាស់ពីព្រែកក្តាមទៅប៉ោយប៉ែតមានប្រវែង ៣០៤គីឡូម៉ែត្រ។ គម្រោងផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូAC ដោយការសាងសង់ចែកចេញជា៣ផ្នែក ក្នុងនោះផ្នែកខាងជើងចាប់ពីបាត់ដំបង ដល់ប៉ោយប៉ែត (រួចរាល់) មានប្រវែង ៨៤,៧២គីឡូម៉ែត្រ, ផ្នែកកណ្តាលចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង ២៣ម៉ែត្រ ចែកជាពី២គន្លង ទៅ៤គន្លង និងផ្នែកផ្លូវភាគខាងត្បូង ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចែកជា២គន្លង ទៅ២គន្លងមក។ គម្រោងផ្លូវនេះ ជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ