សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
January 27, 2021    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គាធិការដ្ឋាន អគ្គស្នងការរង និងក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ និងអបអរសាទរចំពោះការជាប់ឆ្នោតរបស់ឯកឧត្តម លី ច័ន្ទតុលា ជាប្រធានគណៈមេធាវីកម្ពុជា ក្នុងអាណត្តិថ្មី ហើយនឹងសមាជិកនៃគណៈមេធាវីទាំងអស់ផងដែរ ហើយសម្តេចក្រឡាហោម បានសង្ឃឹមជឿជាក់ថា ឯកឧត្តមប្រធាន និងសមាជិកគណៈមេធាវីទាំងមូល នឹងបន្ដបេសកម្មពីគណៈមេធាវីមុនៗ ដើម្បីដើរតួនាទីកាន់តែសកម្មច្រើនថែមទៀត ដើម្បីជួយដោះស្រាយនូវបញ្ហានានានៃសង្គម ជាពិសេសគឺពង្រឹងប្រព័ន្ធយុត្តិធម៌។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម លើកឡើងថា ដោយមានការអនុញ្ញាតពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រុមការងាររបស់រាជរដ្ឋាភិបាល បានរៀបចំកែលំអរនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពថ្មី។ សម្ដេចក្រឡាហោម បានបន្តថា គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មិនមែនជារបស់ក្រសួងណាមួយឡើយ គឺជារបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មានចំនួន៧ចំណុចដែលសំខាន់ ទី១-ផ្ដល់សេវាសាធារណៈ, ទី២-សន្ដិសុខ, ទី៣-សណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍, ទី៤-ដោះស្រាយនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ, ទី៥- បរិស្ថាន, ទី៦-គ្រោះមហន្ដរាយ និងទី៧-គ្មានអំពើហិង្សា និងក្មេងទំនើង។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានធ្វើសេចក្តីរាយការណ៍រៀបរាប់ថា ឯកឧត្តមបានដឹកនាំការងារ ដូចជាគណៈមេធាវីមុនៗដែរ ដោយមានការកែទម្រង់មួយចំនួន ហើយក៏ទទួលបានលទ្ធផលល្អផងដែរ។

ឯកឧត្តមថា គណៈមេធាវីបានផ្ដល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយមិនយកកម្រៃនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ បានចាត់តាំងមេធាវីការពារក្ដីជនក្រីក្រនៅតាមសាលាជំម្នះក្ដីគ្រប់ជាន់ថ្នាក់ បានចំនួន១៧៣៣ករណី ក្នុងនោះ មានកូនក្ដី២៩៧០នាក់ មាននារី២៣៧នាក់ និងកុមារចំនួន៧១៣នាក់។

ជាងនេះទៅទៀត គណៈមេធាវី បានផ្ដល់កិច្ចពិគ្រោះយោបល់ផ្នែកច្បាប់ជូនជនក្រីក្រ បានចំនួន១១៣ករណី។ ដើម្បីពង្រឹង ពង្រីញជំនួយផ្នែកច្បាប់ឲ្យមានប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្ដែង ហើយគណៈមេធាវីបានដាក់ចេញគោលនយោបាយថ្មី តាមរយៈការអំពាវនាវឲ្យសមាជិកគណៈមេធាវីទាំងអស់ ស្ម័គ្រចិត្តការពារក្ដីជូនជនក្រីក្រឲ្យបានផុលផុស និងចូលរួមផ្ដល់យោបល់ និងប្រឹក្សាយោបល់ផ្នែកច្បាប់ដល់សាធារណៈជន កម្មករ-កម្មការិនី ទៅការិយាល័យមេធាវីនីមួយៗ ដោយមិនយកកម្រៃផងដែរ។

ជាចុងក្រោយសម្តេចក្រឡាហោម បានសម្តែងការកោតសរសើរចំពោះលទ្ធផលការងារជំហានដំបូង របស់គណៈមេធាវី ដែលបានបំពេញការងារបានយ៉ាងច្រើន ដែលក្នុងនោះមានការដោះស្រាយ និងផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ជនក្រីក្រ កម្មករ និងកម្មការិនី ដែលកិច្ចការនេះជាការងារដ៏សំខាន់ខ្លាំងណាស់ ដោយសារតែជនក្រីក្រ ពួកគាត់ខ្វះលទ្ធភាព ពុំសូវមានចំណេះដឹងផ្នែកច្បាប់ មានភាពទន់ខ្សោយ ដូច្នេះពួកគាត់ត្រូវការជំនួយទាំងនេះខ្លាំងណាស់។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានបង្ហាញការលើកទឹកចិត្តឲ្យគណៈមេធាវីទាំងអស់ ខិតខំប្រឹងប្រែងបំពេញការងារ ជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដើម្បីឲ្យកិច្ចការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងនៅតែត្រៀមខ្លួនដើម្បីផ្ដល់ការគាំទ្រជាក់ស្ដែងទៅតាមតម្រូវការរបស់គណៈមេធាវី៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ