អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាកែសម្រួលលើសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១
January 29, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ក្រោមអធិតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្កការជាតិ អន្ដរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា កិច្ចប្រជុំនាពេលព្រឹកនេះ មានគោលបំណង ដើម្បីស្នើសុំក្រុមការងារអន្តរក្រសួង ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពជាសមាជិក ចូលរួមពិនិត្យ និងពិភាក្សាកែសម្រួលក្នុងករណីចាំបាច់នៅលើសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ ដើម្បីឲ្យសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១នេះ មានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អាចធ្វើជាមូលដ្ឋានសម្រាប់លើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តនាឆ្នាំខាងមុខទៀត ជាពិសេស សម្រាប់ជាគន្លឹះ និងជារបៀបវារៈសម្រាប់ធ្វើសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងប្រព្រឹត្តិទៅឆាប់ៗដ៏ខ្លីខាងមុខនេះ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងអំណរគុណចំពោះក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ជាតិ-អន្ដរជាតិ វិស័យជាតិ-វិស័យឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្រមទាំងមានការគាំទ្រទាំងសម្ភារ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាគ្រឿងញៀន។

ឯកឧត្តម បន្ដថា អាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនបានចូលរួម និងសហការគ្នាដោយភាពទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារប្រយុទ្ធគ្រឿងញៀនកន្លងទៅនេះ មានការប្រែប្រួល និងទទួលបានលទ្ធផលជោគជ័យគួរឲ្យកត់សំគាល់។

ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានលើកឡើងថា ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការងារបូកសរុបជាបន្ដបន្ទាប់ នូវរាល់លទ្ធផលរបស់ស្ថាប័ន អង្គភាព ជាសមាជិក នៃអាជ្ញាធរគ្រឿងញៀន សម្រេចបានដូចជា ចំណុចខ្លាំង និងចំណុចខ្សោយ កង្វះខាត់ និងបញ្ហាផ្សេងៗ ដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមកនេះ បានធ្វើការវាយតម្លៃទាំងសភាពការណ៍ទូទៅ រាល់បញ្ហាមានការពាក់ព័ន្ធគ្រឿងញៀន ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការតម្រង់ទិសដៅការងារអនុវត្តក្នុងឆ្នាំ២០២១នេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ