អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ រួមសហការជាមួយក្រសួងកិច្ចការនារី បើកវគ្គបណ្តុះបណ្តាល​គ្រូបង្គោលថ្នាកតំបន់
February 01, 2021    អ្នកទស្សនា :
កំពត​៖ ថ្ងៃ​ទី១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត​ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពីការលេីកកម្ពស់ការចូលរួមរបស់អ្នកម្តាយដេីម្បីទប់ស្កាត់ការប្រេីប្រាស់​ និងការចែកចាយគ្រឿងញៀន​ ក្រោមអធិបតីលោកជំទាវ​ ហ៊ូ​ សាមិត្ត​ រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការនារី​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដោយមានការអញ្ជេីញចូលរួមពីតំណាងមន្ទីរកិច្ចការនារីរាជធានី​ ​ខេត្តចំនួន១១​ មានរាជធានីភ្នំពេញ​ ខេត្តព្រះសីហនុ​ កោះកុង​ កំពង់ស្ពឺ​ តាកែវ​ កណ្តាល​ ត្បូងឃ្មុំ​ មណ្ឌលគិរី​ រតនគិរី​ ក្រចេះ​ និងខេត្ត​ស្ទឹងត្រែង​ និងស្ថាប័ន​ អង្គភាពពាក់ព័ន្ធ​សរូប៤០នាក់។ គោលបំណងអភិវឌ្ឍន៍ចំណេះដឹងដល់មន្រ្តីកិច្ចការនារី ដើម្បីប្រតិបត្តិករទាំងនេះយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុំស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី រួមគ្នាទប់ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីសហគមន៍យើង។ លោកជំទាវ​ យស់​ សាគុណ​ អភិបាលរងខេត្តកំពត​ បានមានប្រសាសន៍​ស្វាគមន៍​ គ្រឿងញៀនជាមូលហេតុមួយដែលជំរុញនិងបង្កឱ្យមានបទល្មេីសផ្សេងៗកេីតមានឡេីង​ ដែលពាក់ព័ន្ធបញ្ហានេះខេត្តបានបន្តរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ទប់ស្កាត់​ កាត់បន្ថយ​ និងឈានទៅលុបបំបាត់ជាបណ្តេីរៗនូវការប្រេីប្រាស់និងចែកចាយគ្រឿងញៀន​ អនុវត្តឱ្យខ្ជាប់ខ្ជួននូវទិសស្លោក​ប្រឆាំងគ្រឿងញៀន​ បីកុំ​ មួយរាយការណ៍​។ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានមានប្រសាសន៍​ដោយកោតសសេីរ​ដល់ក្រសួងកិច្ចការនារីជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត​ពហុវិស័យ​របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល​ ហេីយការចូលរួមសកម្មភាពនាពេលនេះមានសារសំខាន់ណាស់ស្របពេលដែលស្ថានភាពគ្រឿងញៀននៅកម្ពុជាបានរីករាលដាលដល់ទីជនបទមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​ទូទៅក្នុងនោះមានយុវនារី​ ដែលតម្រូវឱ្យយេីងត្រូវតែរួមគ្នាដោះស្រាយ។ ក្នុងឱកាសនោះ​ លោកជំទាវ​ ហ៊ូ​ សាមិត្ត​ រដ្ឋ​លេខាធិការ​ បានប្រសាសន៍ថា​ ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងកិច្ចការនារី​ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានចុះពិនិត្យស្ថានភាពស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត ដោយបានពិនិត្យរកឃើញថាស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជាជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀន។ លើសពីនេះទៅទៀតបញ្ហាគ្រឿង គឺពិតជាប៉ះពាល់មិនត្រឹមតែស្រ្តី នោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់គេនិងសង្គមទាំងមូលតែម្តង។ ក្នុងឱកាសនោះ​ដែរ​ លោកជំទាវ​ ហ៊ូ​ សាមិត្ត​ រដ្ឋ​លេខាធិការ​ បានថ្លែងបន្ថែមថា​ ​គ្រឿងញៀន ក៏ជាកត្តារួមចំណែកក្នុងការជំរុញឱ្យអ្នកប្រើប្រាស់ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ហិង្សាលើស្រ្តី ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀតផងដែរ នេះបើផ្អែកតាមការចុះប្រមូលទិន្នន័យតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយស្រ្តីក្រុមគោលដៅនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន៧ (រួមមានខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តរតនគិរី) ក្នុងគោលបំណងរៀបចំផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។ សូមបញ្ជាក់វគ្គបណ្តុះបណ្តាលនេះ​ ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​ ១-២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​៕ ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ