ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូចេញទៅបំពេញទស្សនៈកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
March 28, 2024    អ្នកទស្សនា :

ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ ថ្នាក់ដឹកនាំក្រសួងទាំង៣ នឹងអញ្ជើញទស្សនាសមយុទ្ធកម្លាំងពន្លត់អគ្គិភ័យនិងសង្គ្រោះ ដែលមានការចូលរួមពីកម្លាំងជំនាញរបស់វៀតណាម មកពីប្រទេសកម្ពុជា និងឡាវ ផងដែរ។

សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត គិតចាប់ពេលចូលកាន់មុខតំណែង ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការត្រីភាគីដែលក្រសួងទាំង៣ បានអនុវត្តចំនួន៣លើក រួចមកហើយ។ ប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ ទើបតែបានមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តមអភិសន្តិបណ្ឌិត កាលពីខែមករា និងក្នុងខែមីនា ឆ្នាំ២០២៤៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ